អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កញ្ញា) ថា មនុស្សជាង ៤.០០០នាក់ ត្រូវបានជម្លៀសខ្លួន និងលំនៅឋានចំនួន ៥៥០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងគំហុកបានវាយប្រហារតំបន់ Umm al-Qura ក្នុងរដ្ឋ Al-Jazirah ភាគកណ្តាលនៃប្រទេសស៊ូដង់ ដែលហែកហួរដោយសង្រ្គាម។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារភូមិធំៗចំនួន ៦កន្លែង នៅភាគខាងកើតរដ្ឋ Al-Jazirah កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបង្ខំឱ្យប្រជាជន ៨៥០គ្រួសារ - ប្រហែល ៤.២៥០នាក់ - ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ទីសុវត្ថិភាព។
អង្គការនេះបន្ថែមថា ក្រុមការងារនៅទីនោះបានរាយការណ៍ពីការបំផ្លិចបំផ្លាញផ្ទះសម្បែងចំនួន ៥៥០ខ្នង ដោយគ្រួសារជម្លៀសខ្លួន រត់ទៅជ្រកកោននៅតំបន់ទីវាយបើកចំហក្បែរនោះ។ គួរឱ្យដឹងថា ជាធម្មតា ស៊ូដង់មានភ្លៀងធ្លាក់ខ្លាំងតាមរដូវកាល នៅចន្លោះខែមិថុនា ដល់ខែតុលា ដែលបង្កឱ្យមានទឹកជំនន់ទ្រង់ទ្រាយធំ និងសម្លាប់មនុស្សជាច្រើន។
គ្រោះមហន្តរាយធម្មជាតិនេះបានកើតឡើងស្របពេលដែលសង្គ្រាមស៊ីវិលរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) កំពុងតែបន្តយ៉ាងខ្លាំងក្លានៅស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣មក។ ជម្លោះនេះបានបង្កវិបត្តិមនុស្សធម៌ដ៏អាក្រក់ ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងរាប់លាននាក់ទៀតត្រូវរត់ភៀសខ្លួនទាំងក្នុង និងក្រៅប្រទេស៕


