ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ រួមគ្នា នៅវត្តភ្នំសុពណ៌ទេព ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
បុណ្យកាន់បិណ្ឌនាពេលនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងដើម្បីទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតាបិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ក៏ដូចជាចូលរួមលើកតម្កើងព្រះពុទ្ធសាសនា ឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានបូជាទៀន ធូប ផា្កភ្ញី ចំពោះព្រះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្ការ បង្សុកូល រាប់បាត្រ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តភ្នំសុពណ៌ទេព ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា និងជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង។
សូមអនុមោទនា កុសលផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជានិច្ច និរន្តតរៀងទៅ៕