ក្រុមប្រឹក្សាជាន់ខ្ពស់ប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យបានស្វាគមន៍បទឈប់បាញ់ថ្មីនៅទីក្រុងទ្រីប៉ូលី ដោយនិយាយថាវាពង្រឹងអាជ្ញាធររដ្ឋនិងជួយស្ដារស្ថាប័នសំខាន់ៗ។ បទឈប់បាញ់ត្រូវបានឈានដល់រវាងរដ្ឋាភិបាលរួបរួមជាតិ(GNU)ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងកងកម្លាំងការពារពិសេសជាគូប្រជែង ដែលត្រូវបានគេស្គាល់ថា Radaa។ កិច្ចព្រមព្រៀង ដែលត្រូវបានសម្របសម្រួល និងធានាដោយចារកម្មរបស់ប្រទេសទួរគី បានចូលជាធរមានភ្លាមៗ។
កិច្ចព្រមព្រៀងនេះ បានបញ្ចប់ការតតាំងដើម្បីអំណាចរយៈពេលជាច្រើនខែជុំវិញអាកាសយានដ្ឋាន Mitiga ជាអាកាសយានដ្ឋានដែលនៅដំណើរការតែមួយគត់របស់ទីក្រុងទ្រីប៉ូលីនិងពន្ធនាគារនៅក្បែរនោះ។ ការគ្រប់គ្រងនៃទីតាំងទាំងពីរកន្លែងបច្ចុប្បន្ននេះនឹងប្រគល់ទៅឲ្យអាជ្ញាធរប្រតិបត្តិជាផ្លូវការវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់បានសរសើរ «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស» ដែលបានទប់ស្កាត់ការប្រយុទ្ធគ្នានិងការធ្វើឱ្យប្រទេសមានជម្លោះកាន់តែខ្លាំង និងការខាតបង់បន្ថែមទៀត។ សេចក្តីថ្លែងការណ៍បានចាត់ទុកការប្រគល់អាកាសយានដ្ឋានថាជាជំហានដ៏សំខាន់មួយក្នុងការបង្រួបបង្រួមការគ្រប់គ្រងរដ្ឋ និងបាននិយាយថាការសន្ទនានៅតែជាមធ្យោបាយល្អបំផុតឈានទៅរកស្ថិរភាព។
ភាពតានតឹងបានកើនឡើងចាប់តាំងពីខែឧសភារវាងកងកម្លាំងរដ្ឋាភិបាលរួបរួមជាតិ(GNU) និងក្រុមអ្នកប្រយុទ្ធ Radaa មានមូលដ្ឋាននៅអាកាសយានដ្ឋាន Mitiga។ ជម្លោះនេះបានកើនឡើងទៅជាការប៉ះទង្គិចគ្នាកាលពីដើមខែកញ្ញាដែលជំរុញឱ្យអ្នកសម្របសម្រួលមានចំណាត់ការ។
ប្រទេសលីប៊ី នៅតែមានការខ្វែងគំនិតគ្នាចាប់តាំងពីការបះបោរគាំទ្រដោយសម្ព័ន្ធយោធាណាតូឆ្នាំ២០១១ ដែលបានផ្តួលរំលំមេដឹកនាំយូរអង្វែងលោក Muammar Gaddafi ។
