រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៤ ខែកញ្ញា) ថា សហរដ្ឋអាមេរិកនឹងអាចប្រើប្រាស់ទីតាំងផលិតឧបករណ៍ការពារជាតិដែលបានគ្រោងទុក នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី ដើម្បីជួយបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរត្រីភាគី AUKUS។
រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា ប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់ ១២ពាន់លានដុល្លារអូស្ត្រាលី (៨ពាន់លានដុល្លារ) ដើម្បីធ្វើឲ្យប្រសើរឡើងនូវទីតាំង នៅឯកន្លែងផលិតនាវា Henderson ក្បែរទីក្រុង Perth ដែលជាផ្នែកមួយនៃផែនការរយៈពេល ២០ឆ្នាំ ដើម្បីកែប្រែវាឲ្យទៅជាមជ្ឈមណ្ឌលថែទាំ សម្រាប់កងនាវាមុជទឹកនៃសម្ព័ន្ធ AUKUS របស់ខ្លួន។
គួរបញ្ជាក់ថា កតិកាសញ្ញា AUKUS ដែលត្រូវបានធ្វើឡើងដោយអូស្ត្រាលី អង់គ្លេស និងអាមេរិក ក្នុងឆ្នាំ២០២១ មានគោលបំណងផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារ ចាប់ពីទសវត្សរ៍ក្រោយតទៅ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

តែយ៉ាងណាក្ដី រដ្ឋបាលរបស់របស់លោកប្រធានាធិបតី Donald Trump កំពុងធ្វើការពិនិត្យជាផ្លូវការលើកិច្ចព្រមព្រៀងដែលដឹកនាំដោយលោក Elbridge Colby ជាមន្ត្រីគោលនយោបាយជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ និងជាអ្នករិះគន់ជាសាធារណៈ ចំពោះកិច្ចព្រមព្រៀងនេះ។
នៅពេលត្រូវបានសួរកាលពីថ្ងៃអាទិត្យថា តើសហរដ្ឋអាមេរិកនឹងអាចប្រើការផែស្ងួត នៅឯទីកន្លែង សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនដែរ ឬយ៉ាងណានោះ លោក Marles បានឆ្លើយតបថា៖ «នេះគឺជាកន្លែងរបស់សម្ព័ន្ធ AUKUS ហេតុដូច្នេះ ខ្ញុំរំពឹងថា នឹងអាចប្រើប្រាស់បាន»។
លោកបានប្រាប់ទូរទស្សន៍ Australian Broadcasting Corporation ថា៖ «នេះគឺពាក់ព័ន្ធនឹងការផ្ដោតលើការរក្សាទុកនាវាមុជទឹករបស់ប្រទេសអូស្ត្រាលី នាពេលអនាគត ប៉ុន្តែវាជាទីតាំងមួយដែលត្រូវបានសាងសង់នៅក្នុងបរិបទនៃសម្ព័ន្ធ AUKUS។ ខ្ញុំរំពឹងថា ក្នុងពេលអនាគត សហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់វា»៕

