នាវា ២គ្រឿងបានចេញដំណើរកាលពីល្ងាចថ្ងៃអាទិត្យ (ទី១៤ ខែកញ្ញា) ពីកោះ Syros របស់ក្រិក ដើម្បីចូលរួមជាមួយក្រុមផ្ដល់ជំនួយតាមនាវា Global Sumud Flotilla ជាបេសកកម្មអន្តរជាតិដែលមានគោលបំណងបំបែកការរាំងខ្ទប់របស់អ៊ីស្រាអែល ចំពោះតំបន់ហ្កាហ្សា និងផ្តល់ជំនួយមនុស្សធម៌។
ដោយស្រែកថា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន» មនុស្សប្រហែល ៥០០នាក់ បានប្រមូលផ្តុំគ្នានៅកំពង់ផែ Ermopoulis ដើម្បីឈរមើលទូកដែលមានទង់ជាតិក្រិក ២គ្រឿង គឺ Oxygen និង Ilektra ដែលដឹកទំនិញសម្រាប់គ្រោះទុរភិក្ស នៅតំបន់ហ្កាហ្សា ដោយរួមមានមនុស្ស ៥នាក់ និង ៨នាក់ នៅលើទូកនីមួយៗ។

លោក Kostas Fourikos សមាជិកនាវិកអាយុ ៣៩ឆ្នាំ បានប្រាប់បណ្ដាញថា៖ «នេះគឺជាវិធី ដើម្បីបង្ហាញអ៊ីស្រាអែលថា ខ្លួនមិនគួរមានសិទ្ធិធ្វើឲ្យមានស្ថានភាពអត់ឃ្លាននោះឡើយ ហើយជាការពិតណាស់ ដើម្បីផ្ញើសារអំពីសាមគ្គីភាពទៅកាន់ប៉ាឡេស្ទីនដែលរងទុក្ខវេទនាយ៉ាងខ្លាំង»។
សមាជិកនាវិកម្នាក់ទៀត គឺលោកស្រី Angeliki Savvantoglou បាននិយាយថា កងនាវាផ្ដល់ជំនួយនេះមានគោលបំណង «ដាក់សម្ពាធលើរដ្ឋាភិបាលរបស់យើងឲ្យបញ្ឈប់ការសហការជាមួយអ៊ីស្រាអែល និងបញ្ឈប់អំពើប្រល័យពូជសាសន៍នេះ។ ស្ត្រីវ័យ ៣៥ឆ្នាំរូបនេះបានបន្ថែមថា «នៅទីបំផុត យើងចង់ឲ្យអំពើប្រល័យពូជសាសន៍នេះត្រូវបានបញ្ឈប់»។
គួរបញ្ជាក់ថា នាវាទាំង ២គ្រឿងនេះ គ្រោងនឹងចូលរួមជាមួយកងនាវាផ្សេងទៀត ដែលសង្ឃឹមថា នឹងអាចជួយសម្រាលវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង នៅក្នុងតំបន់ហ្កាហ្សា ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កំពុងតែបន្តមាន៕

