មន្ត្រីនាយកដ្ឋានកែប្រែថៃបានប្រាប់សារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) ដែលកំពុងជាប់ពន្ធនាគារ នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ ត្រូវបានផ្លាស់ទៅផ្នែកវេជ្ជសាស្រ្តរបស់ពន្ធនាគារ ដោយសារបញ្ហាវ័យ និងសុខភាពរ៉ាំរ៉ៃរបស់លោក។
គួរបញ្ជាក់ថា តុលាការកំពូលរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន បានបង្គាប់បញ្ជាឲ្យលោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ បន្ទាប់ពីបានសម្រេចថា រូបលោកបានអនុវត្តការជាប់ទោសឆ្នាំ២០២៣ មិនត្រឹមត្រូវ ដោយបានស្ថិតនៅក្នុងបន្ទប់មន្ទីរពេទ្យ តែមិនមែននៅបន្ទប់មន្ទីរឃុំឃាំង។

មហាសេដ្ឋីផ្នែកទូរគមនាគមន៍រូបនេះ គឺជាអ្នកនយោបាយដ៏ចម្រូងចម្រាសបំផុត នៅប្រទេសថៃ ដោយលោកបានដឹកនាំក្រុមនៃត្រកូលស៊ីណាវ៉ាត់របស់លោករយៈពេល ២ទស្សវត្សរ៍ ប្រជែងជាមួយក្រុមគាំទ្ររបបរាជានិយម និងស្ថាប័នគាំទ្រយោធារបស់ព្រះរាជាណាចក្រនេះ។ តែចលនារបស់លោក កំពុងជាប់គាំង ដោយកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ក្នុងខែសីហាត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី តាមដីការបស់តុលាការ ហើយឥឡូវនេះលោក ថាក់ស៊ីន ខ្លួនលោកផ្ទាល់ កំពុងជាប់ឃុំនៅពន្ធនាគារ Klong Prem ក្នុងទីក្រុងបាងកក។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកែប្រែ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា លោកថាក់ស៊ីន «បានផ្លាស់ទៅផ្នែកវេជ្ជសាស្ត្រ ដោយសារកត្តាវ័យរបស់លោក និងស្ថានភាពសុខភាពរបស់លោកដែលមានជំងឺរ៉ាំរ៉ៃ»។
យ៉ាងណាក្ដី មន្ត្រីរូបនេះមិនបានបញ្ជាក់ថា តើរូបលោកកំពុងទទួលការព្យាបាល ឬក៏ត្រូវបានផ្លាស់ទៅកាន់ផ្នែកនេះ ដើម្បីជាវិធានការបង្ការទុកមុន ឬយ៉ាងណានោះឡើយ៕

