ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា គ្មានអ្នកណាម្នាក់នឹងត្រូវបានលើកលែងនោះឡើយ ជុំវិញការស៊ើបអង្កេតឯករាជ្យលើភាពមិនប្រក្រតីដែលត្រូវបានចោទប្រកាន់នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលលោកបានប្តេជ្ញាថា នឹងកសាងទំនុកចិត្តសាធារណៈឡើងវិញ ដោយការតវ៉ា ជុំវិញអំពើពុករលួយកំពុងជិតលេចឡើង។
លោក Marcos បានធានាដល់សាធារណជនដែលធុញទ្រាន់នឹងអំពើពុករលួយថា ការស៊ើបអង្កេតនេះ នឹងបំបែកចេញពីកិច្ចប្រឹងប្រែងកន្លងមក ដោយហៅវាថា ជា «ចំណុចផ្លាស់ប្ដូរ» នៅក្នុងរបៀបដែលរដ្ឋាភិបាលប្រតិបត្តិការ និងចំណាយថវិកា។

លោកបានតែងតាំងអតីតចៅក្រមតុលាការកំពូល ដើម្បីដឹកនាំគណៈកម្មការទើបបង្កើតថ្មី ហើយបាននិយាយថា នឹងចាត់វិធានការលើអ្នកប្រព្រឹត្តខុសទាំងអស់ មិនថា ពួកគេជានរណានោះទេ ដោយការស៊ើបអង្កេតរបស់សភា ពាក់ព័ន្ធនឹងឥស្សរជននយោបាយដ៏មានឥទ្ធិពលមួយចំនួនកើតមានរួចមកហើយ។
នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ លោក Marcos បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា៖ «មានវិធីតែមួយគត់ ដើម្បីដោះស្រាយករណីនេះ នោះគឺថា គ្មាននរណាម្នាក់នឹងមិនបានរួចខ្លួនឡើយ»។
គួរបញ្ជាក់ថា គណៈកម្មការបង្កើតថ្មីនេះ គឺដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ ជុំវិញការប្រព្រឹត្តិអំពើពុករលួយ នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើកកំហុសឆ្គងនៃទីតាំងគ្រប់គ្រងទឹកជំនន់ដែលបានស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីភ្លៀង និងខ្យល់ព្យុះរដូវមូសុង បានជន់លិចទីក្រុងទាំងតូច និងធំ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ក្រុមអង្គការសង្គមស៊ីវិល រួមទាំងថ្នាក់ដឹកនាំវិហារកាតូលិកផងដែរ កំពុងគ្រោងរៀបចំការប្រមូលផ្តុំ ដើម្បីតវ៉ាប្រឆាំងអំពើពុករលួយនៅថ្ងៃទី២១ ខែកញ្ញា ដែលស្របជាមួយខួបនៃការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតមេដឹកនាំលោក Ferdinand Marcos Sr ជារយៈពេលដែលមនុស្សជាច្រើនចងចាំថា ជាគ្រាដ៏ខ្មៅងងឹតបំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕
