ទីក្រុងកាន់បេរ៉ា និយាយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងការពារជាតិដែលនឹងត្រូវចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ អាចនឹងមើលឃើញពលរដ្ឋប៉ាពួ ញូវហ្គីណេ បម្រើការក្នុងវិស័យយោធាអូស្រ្តាលី គឺជាកិច្ចព្រមព្រៀងមួយត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងប្រឈមជាមួយឥទ្ធិពលតំបន់ប៉ាស៊ីហ្វិកកើនឡើងរបស់ទីក្រុងប៉េកាំង ។
កិច្ចព្រមព្រៀងការពារជាតិថ្មីនេះ នឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និងនាយករដ្ឋមន្រ្តីប៉ាពួ ញូវហ្គីណេលោក James Marape នាថ្ងៃពុធខាងមុខ នៅទីក្រុងកំពង់ផែ Moresby ដែលជាផ្នែកមួយនៃការអបអរសាទរខួប ៥០ឆ្នាំនៃឯករាជ្យរបស់ប៉ាពួ ញូវហ្គីណេ ទទួលបានពីអូស្រ្តាលី ។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីលោក Richard Marles ចាត់ទុកកិច្ចព្រមព្រៀងនេះថាជាប្រវត្តិសាស្រ្ត ។ លោកនិយាយថា យោធាអូស្រ្តាលី បានបើកទូលាយចំពោះជនបរទេសមកពីនូវែលសេឡង់ កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ។
លោកនិយាយប្រាប់ទូរទស្សន៍ ABC ថា នៅពេលនេះ ពួកយើងនិយាយថា ពួកយើងត្រូវសំឡឹងមើលតំបន់ប៉ាស៊ីហ្វិក ។ លោកបន្តថា កិច្ចព្រមព្រៀងដែលពួកយើងនឹងចុះហត្ថលេខាជាមួយប៉ាពួ ញូវហ្គីណេ សញ្ជឹងគិតដល់រឿងមួយនេះ ។
កិច្ចព្រមព្រៀងនេះដែរ បានកើតមានបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិសុខទូលំទូលាយ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំង ២ កាលពីឆ្នាំ ២០២៣ ។
សារព័ត៌មានអូស្រ្តាលី រាយការណ៍ថា កិច្ចព្រមព្រៀងខាងលើ នឹងជំរុញជនជាតិប៉ាពួ ញូវហ្គីណេ បម្រើកងកម្លាំងការពារជាតិអូស្រ្តាលី ជាមួយប្រាក់បៀវត្សរ៍តែមួយដូចគ្នានឹងសមាជិកផ្សេងទៀតដែរ ហើយនិងចាប់ផ្តើមមាគ៌ាឆ្ពោះទៅរកការទទួលបានសញ្ជាតិ ៕
