របបសឹកមីយ៉ាន់ម៉ា ទទួលស្គាល់នៅថ្ងៃចន្ទនេះថា ការបោះឆ្នោតសន្យាជាយូររបស់ខ្លួន នឹងមិនរៀបចំឡើងនោះទេ នៅមណ្ឌល ១ក្នុងចំណោមមណ្ឌលសភាជាតិទាំង ៧ ស្របពេលដែលពួកគេប្រយុទ្ធជាមួយក្រុមឧទ្ទាមជាច្រើនដែលប្រឆាំងការបោះឆ្នោតនេះ ។
សង្រ្គាមស៊ីវិលបានញាំញីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាដណ្តើមគ្រប់គ្រងអំណាចនៅរដ្ឋប្រហារឆ្នាំ ២០២១ ដាក់ពន្ធនាគារមាតាប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi និងបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ។
យោធាចាត់ទុកការបោះឆ្នោតដែលគ្រោងនឹងចាប់ផ្តើមតាមដំណាក់កាលនៅថ្ងៃទី ២៨ ខែធ្នូខាងមុខថា ជាមាគ៌ាឆ្ពោះទៅរកការផ្សះផ្សារជាតិ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានចាត់ថ្នាក់ការបោះឆ្នោតនេះថាជាផែនការធ្វើឲ្យស្របច្បាប់ការបន្តកាន់អំណាចរបស់យោធា ខណៈដែលការបោះឆ្នោតនេះ ត្រូវបានធ្វើពហិកាដោយក្រុមតំណាងរាស្រ្តបណ្តេញចេញពីអំណាចជាច្រើនរូប ហើយត្រូវបានរារាំងដោយក្រុមប្រឆាំងប្រដាប់អាវុធ នៅតាមតំបន់ដែលពួកគេគ្រប់គ្រង ។
នៅក្នុងសេចក្តីជូនដំណឹងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា ចែករំលែងនៅលើសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ការបោះឆ្នោតនឹងមិនរៀបចំឡើងនៅតាមមណ្ឌលបោះឆ្នោតរដ្ឋសភា ៥៦កន្លែង និងមណ្ឌលបោះឆ្នោតព្រឹទ្ធសភា ៩កន្លែងនោះទេ ។
សេចក្តីជូនដំណឹងនោះ ពុំបានផ្តល់ហេតុផលច្បាស់លាស់នោះទេ សម្រាប់ការលុបចោលនេះ ប៉ុន្តែពួកគេនិយាយថា មណ្ឌលបោះឆ្នោតទាំងនោះ ពុំអំណោយផលសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។
សូមបញ្ជាក់ថា មាននូវមណ្ឌលបោះឆ្នោតសរុប ៤៤០កន្លែងសម្រាប់ព្រឹទ្ធសភា និងរដ្ឋសភាមីយ៉ាន់ម៉ា ហើយការលុបចោលមណ្ឌលបោះឆ្នោត ៦៥កន្លែង ស្មើនឹងជិត ១៥ភាគរយនៃមណ្ឌលបោះឆ្នោតសរុប ៕
