ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា ទាហានរបស់ខ្លួនដណ្តើមបានគ្រប់គ្រងភូមិ Novomykolaivka ស្ថិតក្នុងតំបន់ភាគអាគ្នេយ៍ Dnipropetrovsk ប្រទេសអ៊ុយក្រែន ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានរាយការណ៍លើកឡើងពីប្រភពក្រសួងការពារជាតិរុស្ស៊ីថា ទាហានរុស្ស៊ី បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយានដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន និងបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែន ៣៤០គ្រៀង ក្នុងរយៈពេល ១ថ្ងៃកន្លងមកនេះ ។

ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខនៅជួរមុខតំបន់ Sumy ភាគខាងជើងអ៊ុយក្រែន ជាតំបន់មួយដែលកងទ័ពរុស្ស៊ី ព្យាយាមវាយដណ្ដើមអស់ពេលជាច្រើនខែមកហើយ ដើម្បីបង្កើតមូលដ្ឋានទ័ព ។
នៅក្នុងសុន្ទរកថាជាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy បានដកស្រង់សម្តីមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនដែលនិយាយថា កងកម្លាំងទីក្រុងម៉ូស្គូ រងការខាតបង់យ៉ាងសំខាន់ក្នុងតំបន់ Donetsk និង Kharkiv តាមបណ្តោយជួរមុខ ១ពាន់គីឡូម៉ែត្រ ។
លោកថា ការមានប្រៀបឡើងវិញរបស់អ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីរយៈពេល ១សប្តាហ៍នៃសេចក្តីថ្លែងការណ៍របស់រុស្ស៊ី ដែលគូសបញ្ជាក់ពីអ្វីដែលទីក្រុងម៉ូស្គូចាត់ទុកថា ជាការមានប្រៀបខ្លាំងនៅក្នុងតំបន់ភាគខាងកើត Dnipropetrovsk ៕
