នៅថ្ងៃចន្ទនេះ ក្រុមមន្រ្តីយោធាសហរដ្ឋអាមេរិក បានអង្កេតហ្គេមសង្រ្គាមរួមគ្នារវាងរុស្ស៊ី និងបេឡារុស ហើយត្រូវបាននិយាយប្រាប់ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិបេឡារុសលោក Viktor Khrenin ថា ពួកគេអាចមើលអ្វីក៏បានឲ្យតែពួកគេចាប់អារម្មណ៍ ។
រុស្ស៊ី និងបេឡារុស បានចាប់ផ្តើមសមយុទ្ធ Zapad-2025នៅលើទីលានហ្វឹកហាត់នៅក្នុងប្រទេសទាំង ២ កាលពីថ្ងៃសុក្រ ចំពេលដែលមានភាពតានតឹងកើនឡើងជាមួយអង្គការណាតូ រយៈពេល ២ថ្ងៃ ក្រោយប៉ូឡូញ បាញ់ទម្លាក់យានដ្រូនរុស្ស៊ីដែលហោះឆ្លងកាត់ដែនអាកាសរបស់ពួកគេ ។

ការចូលរួមរបស់ទាហានអាមេរិកនៅទីលានហ្វឹកហាត់ក្នុងប្រទេសបេឡារុស ត្រូវបានផ្តល់បទបង្ហាញដោយក្រសួងការពារជាតិប្រទេសមួយនេះថា ជារឿងគួរភ្ញាក់ផ្អើល ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តើអ្នកណានឹងគិតថា ព្រឹកថ្ងៃណាមួយទៀតនៃសមយុទ្ធ Zapad-2025 នឹងចាប់ផ្តើមដោយរបៀបណានោះ? សេចក្តីថ្លែងការណ៍នេះ បានកត់សំគាល់ពីវត្តមានអ្នកតំណាងមកពី ២៣ប្រទេស រួមទាំងរដ្ឋសមាជិកអង្គការណាតូ ២ប្រទេសផងដែរ គឺទួរគី និងហុងគ្រី ។
ក្រសួងការពារជាតិបេឡារុស បានបញ្ចេញវីដេអូឃើញមន្រ្តីយោធាស្លៀកពាក់ឯកសណ្ឋាន ២រូបរបស់សហរដ្ឋអាមេរិក និយាយថ្លែងអំណរគុណលោក Khrenin សម្រាប់ការអញ្ជើញឲ្យចូលរួមអង្កេតសមយុទ្ធនេះ ហើយនិងបានចាប់ដៃគ្នា ៕
