ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ថា ខ្លួននឹងរៀបចំការជជែកដេញដោលបន្ទាន់មួយ នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) ជុំវិញការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលដាក់គោលដៅលើមេដឹកនាំក្រុមហាម៉ាស នៅក្នុងប្រទេសកាតា។

ក្រុមប្រឹក្សាបានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា ការជជែកដេញដោលនឹង ត្រូវបានធ្វើឡើង បន្ទាប់ពីខ្លួនបានទទួលសំណើផ្លូវការចំនួន ២ ដោយមួយពីប៉ាគីស្ថានតំណាងឲ្យរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម និងមួយទៀតពីគុយវ៉ែត តំណាងឲ្យក្រុមប្រឹក្សាសហប្រតិបត្តិការ សម្រាប់បណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់។
ក្រុមប្រឹក្សា UN បានឲ្យដឹងថា ការជជែកដេញដោលបន្ទាន់លើកទី១០ របស់ខ្លួន គិតចាប់តាំងពីការកកើតនៅឆ្នាំ២០០៦ នឹង «ពិភាក្សាអំពីការឈ្លានពានផ្នែកយោធានាពេលថ្មីៗនេះដែលធ្វើឡើងដោយរដ្ឋអ៊ីស្រាអែល លើរដ្ឋកាតាកាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានកំណត់គោលដៅលើមេដឹកនាំក្រុមហាម៉ាសកាលពីសប្តាហ៍មុន នៅក្នុងការវាយប្រហារលើរដ្ឋធានីកាតា ដោយបានសម្លាប់សមាជិកក្រុមហាម៉ាស ៥នាក់ និងមន្ត្រីសន្តិសុខកាតាម្នាក់។ ការវាយប្រហារនេះបាននាំឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ ក្នុងនោះមានរួមទាំងពីបណ្តាប្រទេសឈូងសមុទ្រសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ីស្រាអែលផងដែរ៕
