រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានជួបនាយរដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅទីក្រុងហ្សេរុយសាឡឹមនាថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់អ៊ីស្រាអែល ។
អ្នកទាំង ២ ត្រូវបានកំណត់ឲ្យធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្រោយជំនួបរបស់ពួកគេ ។ ជំនួបនេះ បានកើតមានឡើង ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តយុទ្ធនារសឹករបស់ខ្លួនប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្រ្ទីប ហើយនិងត្រៀមខ្លួនរុលចូលកាន់តែជ្រៅទៅក្នុងទីក្រុងហ្កាហ្សា ។

វាបានកើតឡើងផងដែរ ក្រោយអ៊ីស្រាអែលប៉ុនប៉ងវាយប្រហារក្រុមមេដឹកនាំហាម៉ាសនៅប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក គឺជាចំណាត់ការមួយដែលក្រុមមន្រ្តីសហរដ្ឋអាមេរិកចាត់ទុកថាជាការសម្រេចចិត្តឯកតោភាគីដែលពុំបានបម្រើផលប្រយោជន៍សហរដ្ឋអាមេរិក ឬអ៊ីស្រាអែលនោះឡើយ ។
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Rubio បានបំពេញទស្សនកិច្ចទៅកាន់ទីកន្លែងធ្វើសក្ការៈបូជាជនជាតិជ្វីហ្វ Western Wall នៅទីក្រុងហ្សេរុយសាឡឹម និងជាដំណើរទស្សនកិច្ចមួយបញ្ជាក់ឡើងវិញនូវការទទួលស្គាលល់របស់សហរដ្ឋអាមេរិកថា ហ្សេរុយសាឡឹម គឺជារដ្ឋធានីរបស់អ៊ីស្រាអែល ៕
