ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ បានព្រមានថា ខ្លួននឹងដាក់គោលដៅតម្រង់ទៅរដ្ឋអឺរ៉ុបណា ដែលស្វែងរកការយកទ្រព្យសម្បត្តិរបស់ខ្លួន បន្ទាប់ពីមានរបាយការណ៍ថា សហភាពអឺរ៉ុប (EU) កំពុងស្វែងរកមធ្យោបាយថ្មី ដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិបង្កករាប់រយពាន់លានដុល្លាររបស់រុស្ស៊ី ដើម្បីជួយដល់អ៊ុយក្រែន។
គួរដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានហាមឃាត់មិនឲ្យមានប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរុស្ស៊ី បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានបញ្ជូនកងទ័ពរបស់លោកចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ហើយបានផ្អឹបទុកទ្រព្យសកម្មរុស្ស៊ី ចន្លោះពី ៣០០ ទៅ ៣៥០ពាន់លានដុល្លារ ដែលភាគច្រើនជាមូលបត្របំណុលរបស់រដ្ឋាភិបាលអឺរ៉ុប សហរដ្ឋអាមេរិក និងអង់គ្លេស ដែលត្រូវបានរក្សាទុកនៅក្នុងកន្លែងបញ្ញើមូលបត្រអឺរ៉ុប។

សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ចង់ឲ្យ EU ស្វែងរកវិធីថ្មី ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការការពារប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ដោយប្រើសមតុល្យសាច់ប្រាក់ដែលទាក់ទងនឹងទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី នៅអឺរ៉ុប។
ហើយសារព័ត៌មាន Politico បានរាយការណ៍ថា គណៈកម្មការអឺរ៉ុបកំពុងពិចារណា អំពីគំនិតនៃការប្រើប្រាស់ប្រាក់បញ្ញើជាសាច់ប្រាក់របស់រុស្ស៊ី នៅធនាគារកណ្តាលអឺរ៉ុប ពីមូលបត្របំណុលដែលគ្រប់គ្រងដោយរុស្ស៊ី ដើម្បីផ្តល់មូលនិធិជា «ប្រាក់កម្ចីសំណង» សម្រាប់អ៊ុយក្រែន។
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ប្រសិនបើរឿងនេះកើតឡើង រុស្ស៊ីនឹងដាក់គោលដៅសំដៅរដ្ឋ EU ក៏ដូចជាអ្នកធ្វើឲ្យខូច នៅអឺរ៉ុប ពីទីក្រុងប្រ៊ុចសែល និងបណ្តាប្រទេស EU ដែលព្យាយាមរឹបអូសយកទ្រព្យសម្បត្តិរបស់យើង រហូតដល់ដំណាច់សតវត្សរ៍នេះ»។
លោក Medvedev ដែលកាន់តួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងតម្រង់ទៅរដ្ឋអឺរ៉ុប តាមរយៈ «គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន» និងតាមរយៈ «តុលាការអន្តរជាតិ និងជាតិដែលអាចធ្វើទៅបាន» ក៏ដូចជាវិធានការ «ក្រៅតុលាការ» ផងដែរ។
រុស្ស៊ីលើកឡើងថា ការរឹបអូសទ្រព្យសកម្មរបស់ខ្លួន គឺជាវិធីសាស្ត្រល្មួចរបស់លោកខាងលិច ហើយនឹងធ្វើឲ្យខូចទំនុកចិត្ត លើផ្នែកមូលបត្របំណុល និងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប៕
