នៅថ្ងៃចន្ទនេះ ជនប៉ាឡេស្ទីននាំគ្នារុករកតាមគំនរបាក់បែកអគារ Al-Jundi al-Majhoul ស្ថិតក្នុងទីក្រុងហ្កាហ្សា ដែលរងការវាយប្រហារដោយអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើអគារខ្ពស់នៅកណ្តាលទីក្រុងហ្កាហ្សាមួយនេះ កាលពីថ្ងៃអាទិត្យ បង្ខំឲ្យមនុស្សរាប់សិបគ្រួសារដែលរស់នៅក្នុងអគារនោះ រត់ភៀសខ្លួន ។ យោធាអ៊ីស្រាអែល និយាយថា អគារនេះបម្រើជាហេដ្ឋារចនាសម្ព័ន្ធលាក់ខ្លួនរបស់ក្រុមហាម៉ាស ។

អ្នកស្រុកនិយាយថា ពួកគេត្រូវបានគេផ្តល់បទបញ្ជាឲ្យជម្លៀសខ្លួនភ្លាមៗ មុនពេលរងការវាយប្រហារ ។ កងកម្លាំងអ៊ីស្រាអែល បានបំផ្លាញអគារអ្នកស្រុកយ៉ាងហោច ៣០ខ្នងនៅក្នុងទីក្រុងហ្កាហ្សា និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ធ្វើដំណើរមកដល់អ៊ីស្រាអែល ដើម្បីពិភាក្សាលើអនាគតនៃជម្លោះ ។
អ៊ីស្រាអែល និយាយថា ពួកគេមានផែនការរឹបអូសទីក្រុងមួយនេះ ជាទីដែលមនុស្សប្រហែល ១លាននាក់ បោះទីជម្រក ដែលជាផ្នែមួយនៃគោលបំណងប្រកាសឲ្យដឹងក្នុងការកម្ចាត់ក្រុមហាម៉ាស និងបង្កើនការវាយប្រហារលើក្រុមជីវពលប៉ាឡេស្ទីនមួយនេះ ។
សូមបញ្ជាក់ថា យុទ្ធនាការសឹករយៈពេលជិត ២ឆ្នាំរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ៦៤.០០០នាក់នៅក្នុងតំបន់ហ្កាហ្សា ។ សង្រ្គាមមួយនេះ ផ្តើមចេញពីការវាយប្រហារសម្លាប់មនុស្ស ១.២០០នាក់របស់ក្រុមហាម៉ាស នៅអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងការចាប់ចំណាប់ថ្នូរ ២៥១នាក់ ទៅកាន់តំបន់ហ្កាហ្សា ៕
