ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកទី ២ ពុំធ្លាប់មានពីមុនរបស់លោក ទៅកាន់ចក្រភពអង់គ្លេសនាថ្ងៃអង្គារស្អែកនេះ ។
អំឡុងដំណើរទស្សនកិច្ចលើកមុននៅសេតវិមាននាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានបង្ហាញលិខិតសរសេរដោយដៃដល់លោក Trumpដែលជាលិខតពីព្រះមហាក្សត្រ Charles III អញ្ជើញរូបលោកជាផ្លូវការ សម្រាប់ដំណើរទស្សនកិច្ចលើកទី ២ ។

លោក Trumpដែលនឹងអមដំណើរដោយស្រ្តីទី ១ Melania ត្រូវបានទទួលស្វាគមន៍ដោយអតីតម្ចាស់ក្សត្រីយ៍ Elizabeth II កាលពីខែមិថុនា ឆ្នាំ ២០១៩ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ អំឡុងអាណត្តិលើកដំបូងរបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិក ។
ដំណើរទស្សនកិច្ចលើកនេះដែរ បានកើតមានឡើង បន្ទាប់ពីការស្នាក់នៅរយៈពេល ៤ថ្ងៃរបស់លោកនៅដែនដីស្កុតលែន ជាទីដែលលោកបានជួបក្រុមមេដឹកនាំក្នុងស្រុក និងធ្វើដំណើរទៅកាន់ទីលានវាយកូនហ្គោលរបស់លោក ៕
