ភ្នំពេញ៖ កម្ពុជាបានរកឃើញមនុស្ស ៣៤នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែជាប្រភេទអូមីក្រុង ខណៈកម្ពុជាបន្តរក្សាបានកំណត់ត្រាគ្មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩អស់រយៈពេល ៣សប្ដាហ៍ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស ៣៤នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ប្រភេទអូមីក្រុង ក្នុងនោះមនុស្ស ២៧នាក់ ត្រូវបានរកឃើញឆ្លងនៅក្នុងសហគមន៍ ហើយមនុស្ស ៧នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគបំប្លែងថ្មីនេះ ក្រោយពីធ្វើដំណើរមកពីក្រៅប្រទេស។
គិតត្រឹមថ្ងៃនេះ មនុស្សរហូតដល់ ២៦៨នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ប្រភេទអូមីក្រុងនៅក្នុងសហគមន៍។
គិតត្រឹមថ្ងៃនេះដែរ កម្ពុជាបានរកឃើញមនុស្ស ១២១,១៥០នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩ ចាប់តាំងពីឆ្នាំ២០២០មក ដោយក្នុងនោះមនុស្ស ៣,០១៥នាក់ បានស្លាប់ ហើយអ្នកជំងឺ ១១៧,២៨៦នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ទោះជាយ៉ាងណា កម្ពុជាបន្តកត់ត្រាគ្មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩អស់រយៈពេលជាង ៣សប្ដាហ៍ហើយ ចាប់តាំងពីថ្ងៃទី០៤ ខែមករាមក៕