កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៥៣នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ធ្វើឲ្យអគារ ១៦ខ្នង រាបដល់ដីនៅទីក្រុងហ្កាហ្សា រួមទាំងអគារអ្នកស្រុក ៣ខ្នងផងដែរ ស្របពេលដែលពួកគេបង្កើនការវាយប្រហារដណ្តើមកាន់កាប់មជ្ឈមណ្ឌលទីក្រុងនៅភាគខាងជើងមួយនេះ ក៏ដូចជាធ្វើឲ្យពលរដ្ឋជម្លៀសខ្លួន ។
គ្រូពេទ្យបឋម និយាយថា ជនរងគ្រោះយ៉ាងហោច ៣៥នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងហ្កាហ្សា ។ ជនប៉ាឡេស្ទីន ២នាក់ផ្សេងទៀត បានសម្លាប់ដោយសារកង្វះអាហារូបត្ថម្ភននៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបពីភាពអត់ឃ្លានកើនឡើងដល់ ៤២២នាក់ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែលផ្ទុះឡើង ។
នៅទីក្រុងហ្កាហ្សា យោធាអ៊ីស្រាអែលកំណត់គោលដៅប៉មអគារ al-Kawthar ស្ថិតក្នុងសង្កាត់ភាគខាងត្បូង Remal មុនពេលបើកការវាយប្រហារដោយមីស៊ីល ដែលបានបំផ្លាញអគារមួយនេះ នៅរយៈពេល ២ម៉ោងបន្ទាប់ ។
ការទម្លាក់គ្រាប់បែកឥតឈប់ឈរ បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ រត់ភៀសខ្លួន ។ លោក Marwan al-Safi គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា ពួកយើងមិនដឹងថាតើកន្លែងណាគួរត្រូវទៅនោះទេ ។ ពួកយើងត្រូវការដំណោះស្រាយចំពោះស្ថានភាពមួយនេះ ។ ពួកយើងនឹងត្រូវស្លាប់នៅទីនេះ ។
ខណៈពេលនោះដែរ ការិយាល័យព័ត៌មានរដ្ឋាភិបាលហ្កាហ្សា បានថ្កោលទោសការទម្លាក់គ្រាប់បែកជាប្រព័ន្ធរបស់អ៊ីស្រាអែលលើអគារស៊ីវិល ដោយពួកគេនិយាយថា គោលដៅនៃការវាយប្រហារនេះ គឺជាការបណ្តេញចេញ និងការបំលាស់ទីដោយបង្ខំ ៕