ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានរុស្ស៊ីថា តាមរយៈការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន បណ្តាប្រទេសនៃអង្គការណាតូ (NATO) «កំពុងមានសង្រ្គាម» ជាមួយរុស្ស៊ី។
ដោយបាននិយាយឡើងវិញនូវការរៀបរាប់របស់ទីក្រុងមូស្គូ ដែលថា ការគាំទ្រពីលោកខាងលិច សម្រាប់អ៊ុយក្រែន ស្មើនឹងការចូលរួមនៅក្នុងសង្រ្គាមនោះ លោក Peskov បានបញ្ជាក់ថា៖ «អង្គការណាតូកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី នេះគឺជាក់ស្តែងណាស់ ហើយមិនចាំបាច់ត្រូវការភស្តុតាងអ្វីឡើយ។ អង្គការណាតូផ្តល់ការគាំទ្រដោយផ្ទាល់ និងដោយប្រយោលដល់របបទីក្រុងគីវ»។
ការកត់សម្គាល់នេះបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូឡូញ បានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីនៅក្នុងដែនអាកាសរបស់ខ្លួន ជាករណីដំបូងគេបង្អស់របស់សមាជិកអង្គការណាតូដែលបានទម្លាក់គ្រឿងយុទ្ធោបករណ៍របស់ទីក្រុងម៉ូស្គូ នៅលើទឹកដីរបស់ខ្លួន។
ការលើកឡើងនេះ ក៏ស្រដៀងនឹងការរៀបរាប់នូវរឿងរ៉ាវមិនពិតរបស់រុស្ស៊ី ដែលត្រូវបានកំណត់ដោយអ្នកវិភាគប៉ូឡូញ បន្ទាប់ពីមានការលុកលុយរបស់យានដ្រូន ក្នុងនោះរួមទាំងការអះអាង ដែលថា ហេតុការណ៍នេះបានទាញទីក្រុងវ៉ាសូវីចូលទៅក្នុងសង្រ្គាមជាមួយទីក្រុងមូស្គូ៕