ភ្នំពេញ៖ ទោះបីក្នុងឆ្នាំ២០២១ កម្ពុជាបានជួបប្រទះនឹងជំងឺរាតត្បាតដ៏កាចសាហាវយ៉ាងណាក្ដី ក៏កម្ពុជាមិនបានជួបផលលំបាកធ្ងន់ធ្ងរក្នុងការអភិវឌ្ឍប្រទេសនោះទេ ពិសេសការកសាងប្រព័ន្ធផ្លូវថ្នល់ និងស្ពានធំៗ ជាមួយគ្នានេះក្រសួងជំនាញក៏បានទទួលស្គាល់ថា ការកសាងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ពិតជាមានភាពយឺតយ៉ាវ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងពីសមិទ្ធផលជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានក្នុងឆ្នាំ២០២១ ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ពីភាពយឺតយ៉ាងក្នុងការស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយនឹងខេត្តតាកែវ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ គម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។
ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមានផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង។ ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ តំបន់អង្គតាសោម ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង។គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងពីការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ និងថែទាំផ្លូវ ស្ពានឱ្យមានគុណភាព ដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

