នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំដោយ ឯកឧត្តម Benjamin Chiang ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ជំនួបនេះរៀបចំឡើងក្នុងគោល បំណងផ្លាស់ប្តូរ និងពិភាក្សាបទពិសោធគ្នា អំពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសក្ដានុពលរបស់វាសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ចសង្គមជាតិ ហើយក៏ជាឱកាសណែនាំវាគ្មិនសំខាន់ គឺលោក Oscar Garcia ដែលជាអ្នកជំនាញផ្នែក AI ដ៏ល្បីល្បាញមកពី Silicon Valley សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងការដាក់បញ្ចូល AI សម្រាប់កម្មវិធីសិក្សាឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផល នៃការសិក្សារបស់សិស្ស និងការបង្រៀនបែបឌីជីថល។
ក្នុងឱកាសនេះ ឯកឧត្តម ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងពីសកម្មភាពថ្មីៗ របស់ស្ថានទូតអាមេរិកពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេស ការរៀបចំពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលឃើញថា មានសិស្សនិស្សិតកម្ពុជាជាច្រើនចាប់អារម្មណ៍លើការសិក្សានៅសហរដ្ឋអាមេរិក ទន្ទឹមនឹងនេះ ឯកឧត្តម បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយយកឱកាសនេះដែរ ដើម្បីឈ្វេងយល់បន្ថែមអំពីបទពិសោធ កាលានុវត្តភាព ការប្រឈម និងទស្សនៈវិស័យក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់AI នៅក្នុងវិស័យអប់រំ។
មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់ស្ថានទូតសហរដ្ឋអាមេរិកក្នុងកិច្ចសហប្រតិបត្តិការនានាក្នុងពេលខាងមុខ ព្រមទាំងបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានមើលឃើញ និងទទួលស្គាល់ទាំងសក្តានុពល និងបញ្ហាប្រឈម នៃបច្ចេកវិទ្យា AI ក្នុងការកែទម្រង់វិស័យអប់រំ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ AI អាចមានសមត្ថភាពយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួន (Personalized Learning) សម្រាប់សិស្សម្នាក់ៗ ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សទទួលបានធនធានចំណេះដឹងថ្មីៗទាន់សម័យពីជុំវិញពិភពលោក ប៉ុន្តែក្រសួងក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ការធានាឱ្យមានការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ហានិភ័យនៃការបាត់បង់ជំនាញគិតពិចារណាស៊ីជម្រៅរបស់សិស្ស ឬសមត្ថភាពក្នុងការសរសេរជាដើម។ ក្រសួងបាន និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ដោយការបណ្តុះបណ្តាលគ្រូបង្រៀនជំនាន់ថ្មីឱ្យយល់ច្បាស់អំពី AI និងបង្កើតក្រុមការងារជំនាញដើម្បីផ្តល់ការគាំទ្រដល់គ្រូបង្រៀនជាដើម។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលកន្លងមក ក៏ដូចជាការចែករំលែកបទពិសោធ ចំណេះដឹងដ៏មានសារៈសំខាន់ពីសំណាក់ លោក Oscar Garcia ដោយបានបញ្ជាក់ថា ជំនួបនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រលើ
បច្ចេកវិទ្យា AI ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត និងជាគន្លឹះដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សសម្រាប់យុគសម័យឌីជីថល៕






