នៅតំបន់ខ្ពស់រាប ស្ថិតនៅភាគខាងកើតកុងហ្គោ ប្រជាកសិករ បានត្រឹមមើលឃើញដំណាំកាហ្វេរបស់ពួកគេងាប់ និងស្អុយរលួយអស់ ស្របពេលដែលជម្លោះកើនឡើង បានរារាំងពួកគេពីការប្រមូលផលដំណាំក្នុងឆ្នាំនេះ ។
ជម្លោះរយៈពេលច្រើនទសវត្សរ៍ បានកើនឡើងកាលពីខែមករាកន្លងទៅ ពេលដែលក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា ដណ្តើមបានការគ្រប់គ្រងទីក្រុងសំខាន់ៗជាច្រើននៅខេត្ត North Kivu និងខេត្ត South Kivu ដែលល្បីល្បាញខ្លាំងថា ជាតំបន់ដាំដើមកាហ្វេ ។
ការប្រយុទ្ធគ្នា បានបង្ខំឲ្យកសិករកាហ្វេជាច្រើន រត់គេចចេញពីដីកម្ការរបស់ពួកគេ ធ្វើឲ្យអាក់ខានដល់ការផលិតកាហ្វេ និងផ្លូវនាំចេញកាហ្វេ ។ ដំណាំទាំងនេះ ងាប់ស្អុយរលួយអស់ហើយ គំរាមកំហែងដល់ការងើបឡើងវិញឧស្សាហកម្មរីកលូតលាស់កាហ្វេរបស់កុងហ្គោ ។
កសិករកាហ្វេ Mudekereza Kashugushu Célestin ស្ថិតនៅក្នុងចំណោមពលរដ្ឋដែលបានវាយតម្លៃដំណាំរបស់ពួកគេ ជាទីដែលដើមងាប់អស់ ហើយផ្លែរបស់វាធ្លាក់លើដី ។
លោកនិយាយថា គ្មានអ្វីសេសសល់ទៀតទេសម្រាប់ដំណាំកាហ្វេរបស់លោក ហើយបើទោះបីជាវានៅសេសសល់ក៏ដោយ ក៏វាបានស្អុយរលួយអស់ហើយដែរ ។
ឧស្សាហកម្មកាហ្វេកុងហ្គោ ស្ថិតនៅលើផ្លូវងើបឡើងវិញ ដោយមានការសហការណ៍ជាច្រើន ដូចជាក្រុមហ៊ុន SOPACDI នៅខេត្ត South Kivu គឺជាក្រុមហ៊ុនដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិសម្រាប់គុណភាពកាហ្វេរបស់ពួកគេ ។
យោងតាមទិន្នន័យអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ផលិតកម្មកាហ្វេកុងហ្គោ បានកើនឡើងដល់ ១០ម៉ឺនតោនក្នុង ១ឆ្នាំ កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ប៉ុន្តែវាបានធ្លាក់ចុះយ៉ាងគំហុក នៅទសវត្សរ៍ឆ្នាំ ១៩៩០ ពេលដែលប្រទេសមួយនេះ ជួបសង្រ្គាមក្នុងតំបន់ ២លើក ដែលមានឫសគល់ចេញពីការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ នៅប្រទេសរ៉្វាន់ដា ៕