ក្រុមមេដឹកនាំអារ៉ាប់ និងមូស្លីម បានអំពាវនាវឱ្យពិនិត្យឡើងវិញនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល បន្ទាប់ពីកិច្ចពិភាក្សាបន្ទាន់នៅទីក្រុងដូហាកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយការវាយប្រហារដ៏សាហាវកាលពីសប្តាហ៍មុនលើសមាជិកក្រុមហាម៉ាសនៅក្នុងរដ្ឋធានីរបស់កាតា។

សម័យប្រជុំរួមនៃសម្ព័ន្ធអារ៉ាប់ និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម ដែលបានប្រមូលផ្តុំប្រទេសជិត ៦០ បានព្យាយាមចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ត្រីក្រុមហាម៉ាសមានមូលដ្ឋានក្នុងប្រទេសកាតា ខណៈបណ្ដាមេដឹកនាំទាំងនោះបានពិភាក្សាអំពីសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

សេចក្តីថ្លែងការណ៍រួមមួយពីកិច្ចប្រជុំកំពូលបានជំរុញឱ្យ រដ្ឋទាំងអស់ចាត់វិធានការផ្លូវច្បាប់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីរារាំងអ៊ីស្រាអែលមិនឱ្យបន្តសកម្មភាពរបស់ខ្លួនលើប្រជាជនប៉ាឡេស្ទីន រួមទាំងការពិនិត្យឡើងវិញនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល និងចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងប្រទេសនេះ ។
បណ្ដាប្រទេសឈូងសមុទ្រជាមិត្តរបស់កាតា អារ៉ាប់រួម និងបារ៉ែន រួមជាមួយអេហ្ស៊ីប ហ្ស៊កដានី និងម៉ារ៉ុក ស្ថិតក្នុងចំណោមប្រទេសមានវត្តមានដែលទទួលស្គាល់អ៊ីស្រាអែល។

មេដឹកនាំនៃប្រទេសអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ទទួលស្គាល់អ៊ីស្រាអែលកាលពីប្រាំឆ្នាំមុន រហូតមកដល់ថ្ងៃនេះ ពុំបានចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃចន្ទទេ ដោយបានបញ្ជូនអ្នកតំណាងជាន់ខ្ពស់ជំនួសវិញ។
សេចក្តីថ្លែងការណ៍នេះ ក៏បានជំរុញឱ្យរដ្ឋជាសមាជិក សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងព្យួរសមាជិកភាពរបស់អ៊ីស្រាអែលនៅក្នុងអង្គការសហប្រជាជាតិផងដែរ៕