មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមានផែនការប្រកាសកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាង១០ពាន់លានដុល្លារក្នុងសប្តាហ៍នេះ ជាផ្នែកនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។

ក្រុមមន្ត្រី បាននិយាយថា រដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសសរស្តម្ភចំនួនបីមាន ភាពជាដៃគូវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មី ដើម្បីពង្រឹងវិស័យបច្ចេកវិទ្យារបស់ប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការក្នុងថាមពលនុយក្លេអ៊ែរស៊ីវិល និងការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាការពារជាតិ។ ក្រុមមន្ត្រីបាននិយាយថា មេដឹកនាំធុរកិច្ចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកជាច្រើនរូបត្រូវបានគេរំពឹងថានឹងចូលរួមក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ។ លោក Trump និងស្ត្រីទីមួយលោកស្រី Melania Trump នឹងទៅដល់ចក្រភពអង់គ្លេសនៅល្ងាចថ្ងៃអង្គារនេះសម្រាប់កិច្ចពិភាក្សាជាមួយព្រះមហាក្សត្រឆាលស៍(Charles) និងម្ចាស់ក្សត្រី Camilla នៅថ្ងៃពុធ។ លោក Trump នឹងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃព្រហស្បតិ៍ ហើយមេដឹកនាំទាំងពីរមានផែនការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ លោក Trump នឹងត្រលប់ទៅទីក្រុង Washington វិញនៅយប់ថ្ងៃព្រហស្បតិ៍។ មន្ត្រីសហរដ្ឋអាមេរិក បានពណ៌នាអំពីកិច្ចព្រមព្រៀងដែលនឹងមកដល់ថានឹងមានភាពហ្មត់ចត់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរដែលមានយ៉ាងហោចណាស់ទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារស្ថិតនៅក្នុងកិច្ចព្រមព្រៀងដែលរំពឹងទុក។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា «ដំណើរទស្សនកិច្ចនេះផ្តល់ឱកាសដល់លោកប្រធានាធិបតីដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូជិតស្និទ្ធនិងសម្ព័ន្ធមិត្ត ខណៈកំពុងជំរុញផលប្រយោជន៍សេដ្ឋកិច្ចនិងគោលនយោបាយការបរទេសទៅវិញទៅមក»។