រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យកាតាបន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយជម្លោះតំបន់ហ្កាហ្សា អំឡុងដំណើរទស្សនកិច្ចរបស់លោកក្នុងទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃតែមួយដែលបណ្ដាមេដឹកនាំអារ៉ាប់កំពុងប្រជួបជុំនៅទីក្រុងដូហា ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល។

ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សា និយាយថា អ៊ីស្រាអែលបន្តបំផ្លិចបំផ្លាញអគារជាច្រើននៅក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១៦នាក់ ហើយមនុស្សបន្តរត់ភៀសខ្លួនពីការទម្លាក់គ្រាប់បែក ទោះប្រមុខការទូតអាមេរិកកំពុងមានវត្តមាននៅអ៊ីស្រាអែលក៏ដោយ។
កាតា ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលបាននិងកំពុងសម្របសម្រួលកិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានខឹងសម្បារកាលពីសប្តាហ៍មុនដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីរបស់ខ្លួន ដែលបានកំណត់គោលដៅលើមេដឹកនាំក្រុមហាម៉ាស រស់នៅទីនោះ។
ថ្លែងជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅការិយាល័យរបស់លោកក្នុងទីក្រុងហ្សេរុយសាឡឹម លោក Rubio បាននិយាយថា កាតាអាចជួយសម្រេចបាននូវគោលដៅនៃការដោះលែងចំណាប់ខ្មាំងទាំង ៤៨ នាក់ដែលនៅតែជាប់ឃុំ ក្នុងទឹកដីហ្កាហ្សា រំសាយអាវុធក្រុមហាម៉ាស និងកសាងអនាគតដ៏ល្អប្រសើរសម្រាប់ដែនដីរងការហែកហួរដោយសង្រ្គាមមួយនេះ។
លោកបានបន្តថា ដូច្នេះហើយយើងនឹងបន្តលើកទឹកចិត្តកាតាឲ្យដើរតួនាទីស្ថាបនាក្នុងបញ្ហានោះ។
លោក Netanyahu ដែលមិនខ្វល់ខ្វាយចាប់តាំងពីការវាយប្រហារនៅទីក្រុង Doha បានទាក់ទាញការថ្កោលទោសជាសកល បាននិយាយថា លោកមិនបានច្រានចោលចំពោះផែនការវាយប្រហារបន្ថែមទៀតលើមេដឹកនាំក្រុមហាម៉ាសទេ ទោះពួកគេនៅកន្លែងណាក៏ដោយ៕

