ឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ ១៦ កញ្ញា នេះ ថា ខ្លួនបានចាត់វិធានការគ្រប់គ្រង ប្រឆាំងនឹងនាវាហ្វីលីពីនជាច្រើនគ្រឿង នៅឯតំបន់ជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង ខណៈទីក្រុងប៉េកាំង បោះជំហានទៅរកការពង្រឹងការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន និងសិទ្ធិដែនសមុទ្រនៅក្នុងតំបន់មានការប្រកួតប្រជែងខ្លាំងមួយនេះ។

ហ្វីលីពីន និងចិន បានចូលរួមក្នុងការប្រឈមដាក់គ្នាលើដែនសមុទ្រដ៏យូរអង្វែងនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលរួមមានការប៉ះទង្គិចគ្នាជាប្រចាំរវាងនាវាឆ្មាំល្បាតឆ្នេរ និងសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំៗជាច្រើន។
ប្រទេសចិនបានអនុម័តផែនការដើម្បីប្រែក្លាយតំបន់ដែនទឹក Scarborough Shoal ដែលទីក្រុងប៉េកាំងហៅថាកោះ Huangyan និងដែលត្រូវបានគេស្គាល់ជាភាសាហ្វីលីពីនថា Panatag Shoal ទៅជាតំបន់អភិរក្សធម្មជាតិ កាលពីសប្តាហ៍មុនដោយពុំប្រកាសពីព្រំដែនជាក់លាក់របស់ខ្លួន។
ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ឆ្មាំល្បាតឆ្នេរចិន និយាយនៅលើបណ្ដាញសង្គមផ្លូវការ WeChat របស់ខ្លួនថា នៅថ្ងៃទី១៦ខែកញ្ញា អង្គភាពឆ្មាំល្បាតឆ្នេរចិន បានចាត់វិធានការគ្រប់គ្រងស្របច្បាប់ប្រឆាំងនាវាមួយចំនួនរបស់ហ្វីលីពីន ដែលកំពុងប្រតិបត្តិការខុសច្បាប់ក្នុងដែនទឹកអធិបតេយ្យនៃតំបន់ Scarborough Shoal៕

