សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួនក្នុងប្រទេសជប៉ុនជាលើកដំបូង ដោយបញ្ជាក់ពីឆន្ទៈកាន់តែខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន និងតូក្យូ ចំពោះអាវុធដែលទីក្រុងប៉េកាំងបានថ្កោលទោសថាជាការបង្កអស្ថិរភាព។

ជើងទម្រដែលមានមូលដ្ឋានលើដី មានសមត្ថភាពបាញ់មីស៊ីលTomahawk មានរយៈចម្ងាយគ្រប់គ្រាន់ក្នុងការវាយប្រហារតំបន់សមុទ្រភាគខាងកើតរបស់ចិន ឬផ្នែកខ្លះរបស់រុស្ស៊ីពីប្រទេសជប៉ុន នឹងបង្ហាញខ្លួនក្នុងសមយុទ្ធ Resolute Dragon ប្រចាំឆ្នាំ។ សមយុទ្ធរយៈពេលពីរសប្តាហ៍នេះមានទាហានជប៉ុននិងអាមេរិកចំនួន ២០.០០០ នាក់ រួមជាមួយនាវាចម្បាំង និងថ្មមីស៊ីល។
ក្រុមអ្នកវិភាគយោធានិយាយថា សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធបាញ់ក្រាប់ពិតក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំនេះ ប៉ុន្តែវត្តមានរបស់ខ្លួនក្នុងទឹកដីជប៉ុន ជិតខ្លាំងទៅនឹងប្រទសចិន អាចជំរុញឲ្យមានប្រតិកម្មកាន់តែខ្លាំងក្លានិងធ្វើឱ្យមានការរត់ប្រណាំងអាវុធនៅអាស៊ីកាន់តែខ្លាំង។
លោកវរសេនីយ៍ឯក Wade Germann មេបញ្ជាការនៃក្រុមកងកម្លាំងពិសេសដែលប្រតិបត្តិការប្រព័ន្ធមីស៊ីលនេះ បាននិយាយនៅឯស្ថានីយ៍អាកាស Marine Corps Air Iwakuni នៅចំពោះមុខជើងទម្របាញ់មីស៊ីលនោះ ថាការប្រើប្រាស់ប្រព័ន្ធច្រើន និងប្រភេទផ្សេងគ្នានៃគ្រាប់បែករំសេវ វាអាចបង្កើតភាពលំបាកសម្រាប់សត្រូវ។
ការដាក់បង្ហាញប្រព័ន្ធនេះនៅភាគខាងលិចប្រទេសជប៉ុន ធ្វើឡើងបន្ទាប់ពីការដាក់ពង្រាយរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនក្នុងខែមេសា ឆ្នាំ២០២៤ ជាសកម្មភាពមួយដែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ដែលបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបញ្ឆេះឲ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ៕

