ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា យន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេសនឹងចូលរួមក្នុងប្រតិបត្តិការរបស់សម្ព័ន្ធយោធាណាតូនៅប្រទេសប៉ូឡូញ ដើម្បីជួយការពារស្លាបខាងកើតរបស់សម្ព័ន្ធមិត្តនេះ បន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីបានចូលទៅក្នុងដែនអាកាសប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន។

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យន្តហោះចម្បាំងរបស់អង់គ្លេសនឹងហោះហើរបេសកកម្មការពារដែនអាកាសលើប្រទេសប៉ូឡូញដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងតាមអាកាសពីប្រទេសរុស្ស៊ី រួមទាំងយានដ្រូន។
ប្រធានសម្ព័ន្ធយោធាណាតូលោក Mark Rutte បាននិយាយថា សម្ព័ន្ធនេះនឹងពង្រឹងការការពារស្លាបខាងកើតរបស់ខ្លួនបន្ទាប់ពីការវាយឆ្មក់ដោយយានដ្រូនរបស់រុស្ស៊ីចូលទៅក្នុងដែនអាកាសប្រទេសប៉ូឡូញ។ ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្តរបស់សម្ព័ន្ធយោធាណាតូ កាលពីសប្តាហ៍មុនបានប្រញាប់ប្រញាល់បញ្ចេញយន្តហោះដើម្បីបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីនៅលើដែនអាកាសសម្ព័ន្ធមិត្តជាលើកដំបូងចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម៣ឆ្នាំមកនេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ឥរិយាបថធ្វេសប្រហេសរបស់រុស្ស៊ី គឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប និងបំពានច្បាប់អន្តរជាតិ»។
លោកបាននិយាយថា «យន្តហោះ មិនមែនគ្រាន់តែជាការបង្ហាញពីកម្លាំងនោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពាន» ព្រមទាំងការធានាសុវត្ថិភាពដែនអាកាសរបស់សម្ព័ន្ធយោធាណាតូ និងការពារសន្តិសុខជាតិរបស់ចក្រភពអង់គ្លេសផងដែរ។