ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump នឹងមិនដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ដើម្បីបញ្ឈប់ការទិញប្រេងពីរុស្ស៊ីនោះឡើយ លុះត្រាតែបណ្តាប្រទេសអឺរ៉ុបចាត់វិធានការលើចិន និងឥណ្ឌា ដោយកាតព្វកិច្ចពន្ធយ៉ាងខ្ពស់។

នៅក្នុងបទសម្ភាសន៍រួមគ្នាជាមួយសារព័ត៌មាន Reuters និង Bloomberg លោក Bessent បានបញ្ជាក់ថា បណ្តាប្រទេសនៅអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីកាន់តែខ្លាំងក្លាឡើងៗ ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលរបស់រុស្ស៊ីដែលបានពីប្រេង និងដើម្បីធ្វើឲ្យសង្រ្គាមរបស់ប្រទេសនេះនៅអ៊ុយក្រែនឈានដល់ទីបញ្ចប់។
នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើទំនិញរបស់ចិន ដោយសារមានពាក់ព័ន្ធនឹងប្រេងរុស្ស៊ីដែរ ឬយ៉ាងណា បន្ទាប់ពីប្រធានាធិបតី Donald Trump បានដាក់អត្រាពន្ធបន្ថែម ២៥ភាគរយលើការនាំចូលរបស់ឥណ្ឌា លោក Bessent បានឆ្លើយតបថា៖ «យើងរំពឹងថា អឺរ៉ុបនឹងធ្វើនូវចំណែកតួនាទីរបស់ពួកគេឥឡូវនេះ ហើយយើងនឹងមិនឆ្ពោះទៅមុខដោយគ្មានអឺរ៉ុបនោះទេ»។
ជាមួយគ្នានេះ បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Bessent បានរិះគន់ការទិញប្រេងពីរុស្ស៊ីដោយបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន ខណៈដែលមួយចំនួនទៀតទិញផលិតផលប្រេងដែលត្រូវបានចម្រាញ់ពីប្រេងឆៅរុស្ស៊ី នៅឥណ្ឌាដែលបានទិញប្រេងក្នុងអត្រាបញ្ចុះតម្លៃ ដោយលោកបានអះអាងថា ពួកគេកំពុងជួយផ្តល់ហិរញ្ញប្បទានដល់ជម្លោះ ដែលនៅកៀកនឹងមាត់ទ្វារផ្ទះរបស់ពួកគេ៕

