នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) ប្រទេសអូស្ត្រាលីបានជំរុញឲ្យបណ្ដាញសង្គមប្រើប្រាស់វិធីសាស្ត្រ «ផ្ដល់ការរំខានតិចតួចបំផុត» ដើម្បីពិនិត្យមើលអាយុរបស់អ្នកប្រើប្រាស់ដែលគ្របដណ្តប់ដោយការហាមប្រាមមិនឲ្យប្រើប្រាស់បណ្ដាញសង្គម ចំពោះក្មេងជំទង់ ជាប្រទេសដំបូងបង្អស់របស់ពិភពលោកដែលផ្ដោតលើទិន្នន័យបញ្ញាសិប្បនិម្មិត (AI) និងអាកប្បកិរិយា។
រដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោក កំពុងតាមមើលយ៉ាងដិតដល់នូវកិច្ចប្រឹងប្រែងរបស់អូស្ត្រាលី ដែលក្លាយជាប្រទេសដំបូងគេ ក្នុងការទប់ស្កាត់ការប្រើប្រាស់បណ្ដាញសង្គម ចំពោះអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ដោយចាប់ផ្តើមពីខែធ្នូតទៅ។

នៅក្នុងសេចក្ដីណែនាំរបស់ខ្លួន ដើម្បីឲ្យក្រុមហ៊ុនអនុវត្តតាមច្បាប់ដែលត្រូវបានអនុម័ត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថាប័នឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិតបានឲ្យដឹងថា៖ «eSafety ណែនាំបច្ចេកទេសផ្ដល់ការរំខានតិចតួចបំផុត»។
ស្នងការស្ថាប័ន eSafety លោកស្រី Julie Inman Grant បាននិយាយថា បណ្ដាញសង្គមមិនតម្រូវឲ្យធ្វើការផ្ទៀងផ្ទាត់អាយុគ្រប់ចំណុចនោះទេ ពីព្រោះពួកគេអាចប្រើប្រាស់ទិន្នន័យដែលមានស្រាប់ ដើម្បីសន្និដ្ឋាន អំពីអាយុដែលអាចទុកចិត្តបាន។
កាលពីខែកក្កដា លោកស្រី Grant បានពង្រីកការហាមឃាត់ ចំពោះគេហទំព័ររបស់ YouTube ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alphabet បន្ទាប់ពីមានតវ៉ាដោយ Facebook និង Instagram របស់ក្រុមហ៊ុន Meta, Snapchat និង TikTok អំពីការសម្រេចពីមុន ដែលលើកលែងឲ្យគេហទំព័រចែករំលែកវីដេអូដ៏ពេញនិយមមួយនេះ៕
