រដ្ឋាភិបាលអេស្ប៉ាញបានលុបចោលកិច្ចសន្យាដែលមានតម្លៃជិត ៧០០លានអឺរ៉ូ (៨២៥លានដុល្លារ) ដើម្បីទិញជើងទម្របាញ់គ្រាប់រ៉ូកែតដែលផលិតដោយអ៊ីស្រាអែល។ នេះបើយោងតាមឯកសារផ្លូវការដែលត្រូវបានឃើញដោយបណ្ដាញសារព័ត៌មាន កាលពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា)។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Pedro Sanchez បានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលរបស់លោក នឹង «ពង្រឹងច្បាប់» ហាមឃាត់ការលក់ ឬការទិញគ្រឿងយុទ្ធោបករណ៍ជាមួយអ៊ីស្រាអែល ដោយសារការវាយលុករបស់ប្រទេសនេះ នៅក្នុងតំបន់ហ្កាហ្សា។

បើយោងតាមវិទ្យាស្ថានអន្តរជាតិ សម្រាប់សមតុល្យយោធានៃការសិក្សាយុទ្ធសាស្ត្រ បានឲ្យដឹងថា កិច្ចសន្យាដែលត្រូវបានផ្ដល់ទៅក្រុមហ៊ុនបុត្រសម្ព័ន្ធអេស្ប៉ាញ ពាក់ព័ន្ធនឹងការទិញជើងទម្របាញ់រ៉ូកែត SILAM ចំនួន ១២គ្រឿង ដែលត្រូវបានអភិវឌ្ឍចេញពីប្រព័ន្ធ PULS ផលិតដោយក្រុមហ៊ុនអ៊ីស្រាអែល Elbit Systems។
ការរាយការណ៍ជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសារព័ត៌មានអ៊ីស្រាអែល Haaretz បានឲ្យដឹងថា ការលុបចោលនេះត្រូវបានធ្វើជាផ្លូវការនៅលើវេទិកាកិច្ចសន្យាសាធារណៈផ្លូវការរបស់អេស្ប៉ាញ កាលពីថ្ងៃទី៩ ខែកញ្ញា។ ហើយនៅថ្ងៃបន្ទាប់ លោក Sanchez បានបង្ហាញវិធានការក្នុងគោលបំណងបញ្ឈប់នូវអ្វីដែលរដ្ឋាភិបាលឆ្វេងនិយមរបស់លោក ចាត់ទុកថា ជា «អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា»។
ចំណាត់ការនេះ រួមបញ្ចូលទាំងការអនុម័តលើក្រឹត្យដែលដាក់បម្រាមលើការលក់ ឬទិញគ្រឿងយុទ្ធោបករណ៍ជាមួយអ៊ីស្រាអែល ដោយសារតែការវាយលុកផ្នែកយោធារបស់ប្រទេសនេះ នៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៣។ ប្រទេសអេស្ប៉ាញបានអនុវត្តបម្រាមនេះ ខណៈអ៊ីស្រាអែលបង្កើនការវាយលុកផ្នែកយោធាកាន់តែខ្លាំងឡើង នៅដែនដីហ្កាហ្សា៕
