មន្ត្រីសហភាពអឺរ៉ុប (EU) បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះថា គណៈកម្មការអឺរ៉ុបនឹងពន្យារពេលបង្ហាញកញ្ចប់ទណ្ឌកម្មបន្ទាប់របស់ខ្លួន លើរុស្ស៊ី ខណៈដែលប្លុកនេះស្វែងរកការឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា បណ្ដាប្រទេសសមាជិកត្រូវបញ្ឈប់ការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី ឲ្យបានឆាប់។
គណៈកម្មការនេះត្រូវបានគេរំពឹងថា នឹងបង្ហាញកញ្ចប់ទណ្ឌកម្មទី១៩ ដល់បេសកជននៃរដ្ឋសមាជិក EU ទាំង ២៧ នៅថ្ងៃទី១៧ ខែកញ្ញា ដែលអ្នកការទូតបានបញ្ជាក់ថា ទំនងជារួមបញ្ចូលទាំងធនាគាររុស្ស៊ី ការដាក់ទណ្ឌកម្មលើ «កងនាវាស្រមោល» ដែលទីក្រុងមូស្គូប្រើប្រាស់ ដើម្បីគេចពីទណ្ឌកម្ម និងការចុះបញ្ជី ដើម្បីបញ្ឈប់ការប្រើប្រាស់ប្រទេសទី៣។

មន្ត្រីរូបនេះបាននិយាយថា មិនមានកាលបរិច្ឆេទថ្មីត្រូវបានកំណត់ ដើម្បីពិភាក្សា អំពីកញ្ចប់នេះនោះទេ។ ការពន្យារពេលនេះត្រូវបានរាយការណ៍ដំបូងគេ ដោយសារព័ត៌មាន Politico។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក លោក Trump បានបង្កើនសម្ពាធលើ EU ដើម្បីឲ្យកាត់ផ្តាច់ប្រាក់ចំណូលពីថាមពលរបស់ទីក្រុងមូស្គូ ជាកិច្ចប្រឹងប្រែងរបស់លោក ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។ ក្នុងនាមជាប្រភពចំណូលដ៏កាក់កបបំផុតរបស់រុស្ស៊ី ការនាំចេញប្រេងឥន្ធនៈរបស់ប្រទេសនេះ បានជួយផ្តល់មូលនិធិដល់សង្រ្គាមដែលកំពុងបន្តមាន៕
