នៅថ្ងៃអង្គារនេះ ចិនបានជំរុញឲ្យទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ដកចេញប្រព័ន្ធមីស៊ីល Typhon ផលិតឡើងដោយសហរដ្ឋអាមេរិក ក្រោយពួកគេបង្ហាញវានៅក្នុងប្រទេសជប៉ុនជាលើកដំបូង អំឡុងសមយុទ្ធយោធារួមគ្នា ។
ក្រសួងការពារជាតិជប៉ុននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធា “Resolute Dragon” កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយសមយុទ្ធយោធានេះ នឹងចំណាយពេលរហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ។
កងកម្លាំងស្វ័យការពារជប៉ុន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រព័ន្ធមីស៊ីលនេះ ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងប្រទេសជប៉ុន សម្រាប់ការធ្វើសមយុទ្ធ បើទោះបីជាពួកគេ និយាយថា អាវុធប្រភេទនេះ នឹងមិនត្រូវបាញ់នោះទេ ។
នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសចិន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងជប៉ុន ដកចេញបន្ទាន់ប្រព័ន្ធមីស៊ីលមួយនេះ ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក និងជប៉ុនដែលមិនបានយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភជាឱឡារិករបស់ចិន នៅតែទទួចចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon នៅក្នុងប្រទេសជប៉ុន ក្រោមលេសសមយុទ្ធយោធារួមគ្នា ។
លោកបន្តថា ចិនសូមបង្ហាញការមិនពេញចិត្តខ្លាំង និងការជំទាស់ដ៏ម៉ឺងម៉ាត់ចំពោះការបង្ហាញមីស៊ីលនេះ ៕