បណ្ដាមេដឹកនាំពិភពលោក និងមន្ត្រីអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ បានរិះគន់យ៉ាងខ្លាំង ចំពោះការបន្តប្រតិបត្តិការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីប្រទេសនេះបានប្រកាសថា ខ្លួនបានចាប់ផ្តើមដំណាក់កាលសំខាន់នៃការវាយលុកផ្លូវគោក ដែលរង់ចាំជាយូរមកហើយទៅលើទីក្រុងហ្កាហ្សា។
នៅថ្ងៃអង្គារនេះ ប្រទេសអាល្លឺម៉ង់ បានថ្កោលទោសការវាយលុកផ្លូវគោកលើទីក្រុងហ្កាហ្សា ដោយចាត់ទុកថា ជា «កំហុសទាំងស្រុង» ហើយផ្ទុយទៅវិញ ជំរុញឲ្យមានការពិភាក្សាឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។ រដ្ឋមន្ត្រីការបរទេស លោក Johann Wadephul បាននិយាយថា៖ «ការវាយលុកជាថ្មីឆ្ពោះទៅទីក្រុងហ្កាហ្សា គឺជាផ្លូវខុសទាំងស្រុង។ យើងបដិសេធចំណាត់ការនេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល»។
ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper នៅថ្ងៃអង្គារនេះដែរ បានថ្កោលទោសការវាយលុកផ្លូវគោករបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សាថា ជា «ការធ្វើដោយមិនប្រុងប្រយ័ត្ន និងគួរឲ្យរន្ធត់បំផុត» ដោយ អំពាវនាវឲ្យមានការឈប់បាញ់ជាបន្ទាន់។ លោកស្រីបានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «វានឹងនាំមកនូវការបង្ហូរឈាមបន្ថែមទៀត សម្លាប់ជនស៊ីវិលស្លូតត្រង់កាន់តែច្រើនបន្ថែមទៀត និងបង្កគ្រោះថ្នាក់ដល់ចំណាប់ថ្នូរនៅសល់»។
រីឯប្រធានសិទ្ធិមនុស្សរបស់ UN លោក Volker Turk នៅថ្ងៃអង្គារដដែលនេះ បានថ្កោលទោសការវាយលុកផ្លូវគោកលើទីក្រុងហ្កាហ្សានេះថា «មិនអាចទទួលយកបានជាដាច់ខាត» ហើយទាមទារឲ្យបញ្ចប់ «ការកាប់សម្លាប់»។ លោកបានប្រាប់បណ្ដាញសារព័ត៌មានថា៖ «ពិភពលោកទាំងមូលដង្ហោយរកសន្តិភាព។ ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែដង្ហោយរកសន្តិភាព។ មនុស្សគ្រប់គ្នាចង់បញ្ចប់រឿងនេះ តែអ្វីដែលយើងឃើញ គឺការកើនឡើងភាពតានតឹងបន្ថែមទៀតដែលមិនអាចទទួលយកបានជាដាច់ខាត»។
មិនខុសគ្នាដែរ សហភាពអឺរ៉ុប (EU) បានព្រមាននៅថ្ងៃអង្គារនេះថា ការវាយលុករបស់អ៊ីស្រាអែលទៅលើទីក្រុងហ្កាហ្សា នឹងធ្វើឲ្យមានអ្នកស្លាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើបន្ថែមទៀត ហើយធ្វើឲ្យស្ថានភាពមនុស្សធម៌ ដែលជា «មហន្តរាយ» រួចទៅហើយនៅក្នុងដែនដីនេះកាន់តែអាក្រក់ទៅៗ។ អ្នកនាំពាក្យ EU លោក Anouar El Anouni បាននិយាយថា៖ «EU បានជំរុញអ៊ីស្រាអែលជាប់ជានិច្ចកុំឲ្យបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងហ្កាហ្សា»៕