ក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីកន្លងទៅនេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះទស្សនកិច្ចពីដំណើរការខ្សែច្រវ៉ាក់ប្រមូលផល និងវេចខ្ចប់នាំចេញ, ចុះសួរសុខទុក្ខកម្មករ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នៅក្រុមហ៊ុន ថាហ្រ្គីកូ (THAGRICO) នៅខេត្តក្រចេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរាត្រីទី២៦ មករា ឆ្នាំ២០២២កន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុន ថាហ្រ្គីកូ ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយវិនិយោគដោយជនជាតិវៀតណាម មានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងប្រឈមនឹងកង្វះខាតកម្លាំងពលកម្មចំនួនប្រមាណ ២ម៉ឺននាក់ ដើម្បីដំណើរការអាជីវកម្មផលិតកម្ម និងការវេចខ្ចប់ផលិតផលនាំចេញទៅលក់នៅប្រទេសចិន។
តាមការលើកឡើងរបស់តំណាងក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០១៩។ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន រួមមាន៖ ចេក ស្វាយ ខ្នុរ។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ២០២១ ក្រុមហ៊ុនបាននាំចេញផ្លែឈើគ្រប់ប្រភេទចំនួន២០ម៉ឺន ៨ពាន់តោន និងនាំចេញចំនួន ១ម៉ឺនកុងតឺន័រ។
ចំពោះប្រាក់ចំណូលរបស់កម្មករវិញទទួលបានចាប់ពី ២៤០ ដល់ ៣០០ដុល្លារ ក្នុងមួយខែ។
ជាការឆ្លើយតបសំណើរខាងលើនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានផ្តល់ណែនាំដល់មន្ទីរការងារខេត្តក្រចេះ និងមន្ទីរការងារមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្មឲ្យបានគ្រប់តាមតម្រូវការ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅខាងក្រុមហ៊ុនវិញ សូមជួយបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់កម្មករ តាមរយៈធ្វើការបណ្តើរនិងរៀនបណ្តើរ។ មួយវិញទៀតសម្រាប់កម្លាំងពលកម្មជំនាញបរទេស ដែលមានកូតាលើសពី ១០ភាគរយ ក្រុមហ៊ុនត្រូវដាក់សំណើសុំមកក្រសួង ដោយបញ្ជាក់ឱ្យបានលម្អិតនូវជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេស ដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើចំនួន ១០%នេះ។
ទន្ទឹមនេះ ឯកឧត្តម បានឲ្យក្រុមហ៊ុនអនុវត្តទៅតាមលក្ខខណ្ឌការងារ និងច្បាប់ស្តីពីការងាររបស់កម្ពុជាឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរកសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុនមួយនេះនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា វៀតណាម ឡាវ) ដែលកាលពីអតីតកាល តំបន់នេះជាតំបន់សង្រ្គាមបង្ហូរឈាមមួយ លុះមកដល់បច្ចុប្បន្ននេះបានប្រែក្លាយជាតំបន់សន្តិភាព ដែលបានផ្តល់កម្លាំងពលកម្មដល់ប្រជាជននៅក្នុងខេត្តឲ្យមានការងារធ្វើ និងអាចដោះស្រាយនូវជីវភាពបានប្រសើរមួយកម្រិត៕អត្ថបទ៖ ឈិត បូរ៉ាវី