អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើអគារសាកលវិទ្យាល័យឱសថជាតិក្រុង Kharkiv បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស នាថ្ងៃអង្គារនេះ និងបណ្តាលឲ្យដំបូលសាកលវិទ្យាល័យរងការឆាបឆេះជាទម្ងន់ ។
យោងតាមការអះអាងរបស់បុគ្គលិកសាកលវិទ្យាល័យបានឲ្យដឹងថា ស្រ្តីម្នាក់ បានទទួលបានការព្យាបាលសម្រាប់របួសផ្លូវចិត្ត ក្រោយមើលការវាយប្រហាររបស់យានដ្រូន ។
លោក Oleksandr Surikovគឺជាមន្រ្តីមួយរូបរបស់សាកលវិទ្យាល័យនិយាយថា និយោជិកស្រីម្នាក់ ត្រូវបានដឹកតាមរថយន្តគិលានសង្រ្គោះ គាត់រងរបួសធ្ងន់ធ្ងរ គាត់ពុំបានរងរបួសរាងកាយនោះទេ ប៉ុន្តែគាត់បានរងរបួសផ្លូវចិត្ត ដោយសារភាពតក់ស្លុង និងភ័យរន្ធត់ ពេលមើលឃើញការវាយប្រហារយានដ្រូនបែបនេះ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃអង្គារនេះថា មកទល់នឹងពេលនេះ ក្នុងខែកញ្ញានេះ រុស្ស៊ីបានវាយប្រហារយានដ្រូនប្រភេទខុសប្លែកគ្នាចំនួន ៣.៥០០គ្រឿង មីស៊ីលជិត ១៩០គ្រាប់ និងគ្រាប់បែកជាង ២.៥០០គ្រាប់ ៕