ក្រុមប្រឹក្សាភិបាលរបស់ទូរទស្សន៍រដ្ឋអេស្ប៉ាញ RTVE នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ បានបោះឆ្នោតគាំទ្រការដកខ្លួនចេញពីកម្មវិធីប្រលងចម្រៀង Eurovision Song Contest ឆ្នាំ២០២៦ ដែលនឹងត្រូវធ្វើឡើងនៅខែឧសភា ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ប្រសិនបើអ៊ីស្រាអែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
អេស្ប៉ាញ គឺជាប្រទេសទី៥ ហើយ ដែលធ្វើការសន្យាបែបនេះ បន្ទាប់ពីហូឡង់ ស្លូវេនី អ៊ីស្លង់ និងអៀរឡង់ ហើយនិងជាប្រទេសទី១ នៃអ្វីដែលត្រូវបានគេថា «Big Five» ជាក្រុមប្រទេសដែលរួមមានចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងបារាំងផងដែរ។ ប្រទេសទាំងនេះទទួលបានសិទ្ធិឆ្លងចូលដោយស្វ័យប្រវត្តិទៅជុំចុងក្រោយនៃការប្រកួត។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការដែលស្នើឡើងដោយប្រធានទូរទស្សន៍ RTVE លោក Jose Pablo Lopez ទទួលបានសំឡេងគាំទ្រចំនួន ១០សំឡេង ប្រឆាំង ៤ និងអនុបវាទមួយសំឡេង នៅក្នុងក្រុមប្រឹក្សាភិបាលដែលមានសមាជិក ១៥នាក់។
កម្មវិធីប្រលង Eurovision ដែលសង្កត់ធ្ងន់លើអព្យាក្រឹតភាពនយោបាយរបស់ខ្លួននោះ បានប្រឈមនឹងភាពចម្រូងចម្រាស នៅឆ្នាំនេះ ដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាម នៅតំបន់ហ្កាហ្សា។
ប្រទេសជាច្រើនបានជំរុញឲ្យសហជីពប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប (European Broadcasting Union) ជាសម្ព័ន្ធភាពនៃអ្នកផ្សាយសាធារណៈដែលរៀបចំ និងសហការផលិតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះដកអ៊ីស្រាអែលចេញពីជំនាន់ឆ្នាំ២០២៥។ បេក្ខនារីជនជាតិអ៊ីស្រាអែល Yuval Raphael បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រលងនេះ។ តារាចម្រៀងអូទ្រីស JJ ដែលបានឈ្នះជ័យលាភីក្នុងឆ្នាំនេះ ក៏បានអំពាវនាវឲ្យដកអ៊ីស្រាអែលចេញពីការប្រកួតក្នុងឆ្នាំ២០២៦ ផងដែរ៕