ប្រេសិតពិសេសអង្គការសហប្រជាជាតិ(UN)លោក Hans Grundberg និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា អរិភាពរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហ៊ូធី កំពុងឡើងកម្តៅខ្លាំង ជុំវិញបញ្ហាសង្រ្គាមហ្កាហ្សា ខណៈដែលវិបត្តិអត់ឃ្លានកាន់តែធ្ងន់ធ្ងរខ្លាំអនៅយេម៉ែន ដោយលោកធ្វើការព្រមានពីការវាយប្រហារមីស៊ីល និងយានដ្រូនកើនឡើងរបស់ក្រុមជីវពលមួយនេះ ហើយនិងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Sanaa ។
លោក Grundberg និយាយថា ក្រុមហ៊ូធី បានវាយប្រហារគោលដៅអ៊ីស្រាអែល ដោយប្រើប្រាស់យានដ្រូន និងមីស៊ីលដ៏ច្រើន បណ្តាលឲ្យជនស៊ីវិលរងរបួស និងបង្អាក់ប្រតិបត្តិការនៅតាមអាកាសយានដ្ឋាន ។
លោកថា ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងខែសីហា និងខែកញ្ញា បានសម្លាប់ជនស៊ីវិលម្តងហើយម្តងទៀត រួមទាំងក្រុមមន្រ្តីជាន់ខ្ពស់ហ៊ូធី ដែលបានទាក់ទងមកកាន់ការិយាល័យរបស់លោក ។ វដ្តនៃអំពើហិង្សាកើនឡើងនេះ ត្រូវតែបញ្ចប់ ។
ខណៈពេលនោះដែរ ឯកអគ្គរដ្ឋទូតរងប្រចាំ UNរបស់អង់គ្លេសលោក James Kariuki បានថ្កោលទោសការឈ្លានពានរបស់ក្រុមហ៊ូធី ជាមួយនឹងការវាយប្រហារមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល ហើយនិងវាយប្រហារការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ។
លោកបន្តថា ពួកយើងច្បាស់លាស់ណាស់ថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែនេះត្រូវធ្វើឡើងដោយអនុលោមតាមកាតព្វកិច្ចច្បាប់មនុស្សធម៌អន្តរជាតិរបស់អ៊ីស្រាអែល ។
ដោយឡែក ប្រធានាទីភ្នាក់ងារជំនួយ UNលោក Tom Fletcher និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអរិភាពដែលបណ្តាលឲ្យមានគ្រោះថ្នាក់មនុស្ស ៣០០នាក់ នៅក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះ ។ ច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែគោរព គោលដៅស៊ីវិល និងជនស៊ីវិល ត្រូវតែការពារ ៕