ទីភ្នាក់ងារឧតុនិយមជាតិអេស្ប៉ាញ(AEMET) និយាយនៅថ្ងៃអង្គារនេះថា ឆ្នាំនេះអេស្ប៉ាញឆ្លងកាត់រដូវក្តៅដ៏ក្តៅខ្លាំងបំផុតពុំធ្លាប់ដែលមានកាលពីមុនមក ដែលជារដូវក្តៅខ្លាំងចុងក្រោយគេ ស្ថិតក្នុងកំណត់ត្រាសីតុណ្ហភាពសកលោក ។
លោក Ruben del Campo គឺជាអ្នកនាំពាក្យទីភ្នាក់ងារ AEMET និយាយប្រាប់សន្និសីទសារព័ត៌មានថា សីតុណ្ហភាពមធ្យម ២៤,២អង្សាសេ បានបំបែកកំណត់ត្រាលើកមុន ២៤,១អង្សាសេដែលបានបង្កើតឡើងកាលពីឆ្នាំ ២០២២ ។
លោកបន្តថា រដូវក្តៅចំនួន ៩លើក ក្នុងចំណោមរដូវក្តៅខ្លាំងបំផុត ១០លើកនៅអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ១៩៦១ បានកើតឡើងនៅសតវត្សរ៍ទី ២១នេះ ។ អ្នកនាំពាក្យរូបនេះ និយាយថា ពួកយើងពិតជាស្ថិតនៅក្នុងទំនោរឆ្ពោះទៅរករដូវក្តៅខ្លាំងជាងមុន ។
អេស្ប៉ាញបានស៊ូទ្រាំនឹងរលកកម្តៅរយៈពេល ១៦ថ្ងៃ កាលពីខែសីហា ដែលបង្កឲ្យមានភ្លើងឆេះព្រៃសម្លាប់មនុស្ស ៤នាក់ និងជារលកកម្តៅមួយដែលវិទ្យាស្ថានសុខាភិបាល Carlos III ប៉ាន់ប្រមាណថាមានមនុស្សស្លាប់ជាង ១.១០០នាក់ ក្នុងនោះភាគច្រើននៃពួកគេមានអាយុច្រើនជាង ៦៥ឆ្នាំ ។
លោក Del Campo និយាយថា នៅតំបន់ភាគពាយ័ព្យអេស្ប៉ាញ ជាទីដែលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតបានផ្ទុះឡើងនោះ បានជួបរដូវក្តៅស្ងួតខ្លាំង ឬស្ងួតខ្លាំងបំផុត ។
លោកបន្តថា រដូវក្តៅ ៣ខែ ជួបរលកកម្តៅ ៣៣ថ្ងៃ មានន័យថា រយៈពេលជាង ១ថ្ងៃ រាល់ ៣ថ្ងៃម្តងក្នុងរដូវក្តៅ ពួកយើងបានជួបសីតុណ្ហភាពក្តៅខ្លាំងដ៏អាក្រក់បំផុត ៕