ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី ការពិនិត្យវឌ្ឍនភាពលើបច្ចេកទេសដើម្បីជំរុញការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកចម្រុះ (IWRM) ក្រោមសហហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះប្រព្រឹត្តទៅដោយផ្ទាល់ជាមួយ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់(GDR) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានវត្តមានចូលរួមពីសហក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Ryutaro Takaku-Bessho និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលដឹកនាំដោយ លោក Ronald Muana ដើម្បីពិនិត្យលើកិច្ចការនានា ជាមួយនឹងលក្ខខណ្ឌតម្រូវពីធនាគារដែលជាដៃគូអភិវឌ្ឍន៍ទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការឱ្យបានជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់(GDR) ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តនូវអ្វីដែលជាលក្ខខណ្ឌចែង និងនិយាមទាំងឡាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យ នៃការអនុវត្តគម្រោងដែលផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងមូល៕




