ប្រភពចំនួនពីរដែលដឹងពីស្ថានការណ៍នេះបានប្រាប់សារព័ត៌មានរ៉យទ័រថា កញ្ចប់ជំនួយសព្វាវុធលើកដំបូងបំផុតរបស់រដ្ឋបាលលោកប្រធានាធីបតី Donald Trump សម្រាប់អ៊ុយក្រែន ត្រូវបានអនុម័តរួចហើយ ហើយអាចនឹងដឹកជញ្ជូនក្នុងពេលឆាប់ៗនេះ ខណៈក្រុងវ៉ាស៊ីនតោន បានបន្តបញ្ជូនគ្រឿងយុទ្ធោបករណ៍ទៅកាន់ទីក្រុងគីវ ក្រោមកិច្ចព្រមព្រៀងហិរញ្ញវត្ថុថ្មីជាមួយសម្ព័ន្ធមិត្ត។

ជំហាននេះតំណាងឱ្យការប្រើប្រាស់យន្តការថ្មីជាលើកដំបូង ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវសព្វាវុធពីឃ្លាំងស្តុកទីក្រុងវ៉ាស៊ីនតោន ដោយប្រើមូលនិធិពីបណ្តាប្រទេសណាតូ។
ប្រភពនិយាយថា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសម្រាប់គោលនយោបាយអាមេរិក លោក Elbridge Colby បានអនុម័តលើការដឹកជញ្ជូនទំហំ ៥០០លានដុល្លារ ចំនួន ២លើក ក្រោមយន្តការថ្មីហៅថា "បញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព" ដែលត្រូវគេស្គាល់ក្រោមអក្សរកាត់ថា PURL។
ការបន្តកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិកជាថ្មី ក្នុងបំណងជំរុញវិស័យការពាររបស់ទីក្រុងគីវជាមួយនឹងអាវុធតម្លៃដល់ទៅ ១០ពាន់លានដុល្លារនោះ កើតមានឡើងខណៈលោក Trump បានសម្តែងការខកចិត្តកាន់តែខ្លាំងឡើងចំពោះការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី លើប្រទេសជិតខាងខ្លួន បើទោះបីជាអាមេរិកប្រឹងប្រែងដើម្បីសម្រេចនូវការចរចាបញ្ចប់ជម្លោះក៏ដោយ។
គួរឱ្យដឹងថា រហូតមកទល់ពេលនេះ រដ្ឋបាលលោក Trump បានលក់ ឬដឹកជញ្ជូនកញ្ចប់យុទ្ធោបករណ៍ឱ្យអ៊ុយក្រែន ដែលត្រូវបានអនុញ្ញាតដោយលោកអតីតប្រធានាធិបតី Joe Biden តែប៉ុណ្ណោះ៕

