ប្រភពវេជ្ជសាស្ត្របានប្រាប់កាសែត Anadolu របស់ទួរគីថា ជនជាតិប៉ាឡេស្ទីនលើសពី ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាថ្មីឥតស្រាកស្រាន្តរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ (១៦ កញ្ញា) កន្លងទៅ។

ប្រភពបាននិយាយថា សាកសពយ៉ាងតិច ៨៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុងហ្កាហ្សា ស្របពេលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាន់តែខ្លាំងឡើង។ ប្រភពបានឱ្យដឹងទៀតថា មនុស្ស ៩នាក់ទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគកណ្តាលហ្កាហ្សា និងអ្នកស្រុក ៦នាក់ទៀត ស្លាប់នៅភាគខាងត្បូង។

ការវាយប្រហារដ៏កំណាចនេះកើតឡើងស្របពេលដែលកងទ័ពអ៊ីស្រាអែល បានបើកដំណាក់កាលថ្មីនៃប្រតិបត្តិការជើងគោករបស់ខ្លួននៅទីក្រុងហ្កាហ្សា ជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីកាន់កាប់ទីក្រុងនេះទាំងមូល។ ប្រជាជនប៉ាឡេស្ទីនជិត ១លាននាក់ ដែលភាគច្រើនជាជនភៀសខ្លួនពីផ្នែកផ្សេងទៀតនៃតំបន់ហ៊ុមព័ទ្ធនោះ នៅតែជាប់គាំងក្នុងទីក្រុងហ្កាហ្សា ក្រោមការវាយប្រហារទាំងយប់ទាំងថ្ងៃ។
គិតមកទល់ពេលនេះ ក្រសួងសុខាភិបាលនៅដែនដីហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៦៥.០០០នាក់ហើយ ដែលភាគច្រើនជាស្ត្រី និងកុមារ នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក៕
