ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ RTVE បាននិយាយកាលពីថ្ងៃអង្គារ (១៦ កញ្ញា) ផ្អែកលើរបាយការណ៍ពីស្ថាប័នព៌ត័មានអឺរ៉ុប Eurovision News Spotlight ថា អ៊ីស្រាអែល បានចំណាយប្រាក់យ៉ាងច្រើនលើសលប់ដល់ទៅ ១៦៧លានស្ហាកែល (រូបិយបណ្ណអ៊ីស្រាអែល) ឬស្មើនឹង ៥០លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងជាមួយវេទិកាធំៗលើអ៊ីនធឺណិត ដូចជា Google និងប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់អាមេរិក បូករួមទាំងវេទិកាផ្សព្វផ្សាយរបស់បារាំង និងអ៊ីស្រាអែលផ្សេងទៀត ដើម្បីបដិសេធភាពអត់ឃ្លាននៃគ្រោះទុរ្ភិក្សក្នុងតំបន់ហ្កាហ្សាស្រ្ទីប។

យោងតាមការស៊ើបអង្កេតរួមរបស់ស្ថាប័ន Eurovision បង្ហាញថា គណៈកម្មាធិការលើកលែងរបស់អ៊ីស្រាអែល ដែលជាស្ថាប័នដោះស្រាយកិច្ចការពិសេសរបស់រដ្ឋាភិបាល កាលពីខែមិថុនា បានអនុម័តកម្មវិធីមួយដោយទីភ្នាក់ងារផ្សាយពាណិជ្ជកម្មរបស់រដ្ឋឈ្មោះ Lapam ដើម្បីដំណើរការយុទ្ធនាការព័ត៌មានសាធារណៈ ដែលមានតម្លៃ ៥០លានដុល្លារ ជាមួយក្រុមហ៊ុន Google និង X ក៏ដូចជាវេទិកាបារាំង និងអ៊ីស្រាអែល ឈ្មោះថា Outbrain និង Teads ។
កិច្ចសន្យាដែលដំណើរការចាប់ពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ នោះ បែងចែកប្រាក់ ៤៥លានដុល្លារ ដល់ YouTube និងវេទិកាគ្រប់គ្រងយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ Google គឺ Display & Video 360។ ចំណែកបណ្ដាញសង្គម X វិញក៏ទទួលបាន ៣,០៣លានដុល្លារ ខណៈវេទិកាផ្សាយពាណិជ្ជកម្មរបស់បារាំង និងអ៊ីស្រាអែល Outbrain និង Teads ទទួលបាន ២,១២លានដុល្លារ។
គួររម្លឹកថា កាលពីខខែសីហាកន្លងទៅ អង្គភាពឃ្លាំមើលភាពអត់ឃ្លានសកល គឺអង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម IPC បានរបាយការណ៍មួយដែលប្រកាសជាផ្លូវការថា មនុស្សជាង ៥០ម៉ឺននាក់ — ពោលគឺជិតមួយភាគបួននៃប្រជាជនសរុបនៅតំបន់ហ្កាហ្សា — កំពុងជួបប្រទះស្ថានភាពគ្រោះទុរ្ភិក្សក្នុងទីក្រុងហ្កាហ្សា និងតំបន់នៅជុំវិញនោះ៕

