ស៊ីរី៖ កងកម្លាំងដឹកនាំដោយជនជាតិឃឺដគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយថា ពួកគេដណ្តើមបានមកវិញការគ្រប់គ្រងនៅពន្ធនាគារ ដែលបានរឹបអូសដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ វាបានបញ្ចប់ការវាយប្រហាររយៈពេលមួយសប្តាហ៍ពីសំណាក់ក្រុមជ្រុលនិយម ទៅលើទីតាំងឃុំឃាំងធំបំផុតនៅក្នុងប្រទេសស៊ីរី។

សមាជិកទីបញ្ជាការទូទៅកងកម្លាំងប្រជាធិបតេយ្យស៊ីរីលោក Nawroz Ahmad បាននិយាយនៅទីក្រុង Hassakeh ថា តំបន់ទាំងនេះត្រូវបានបោសសម្អាតដោយការគាំទ្ររបស់ប្រទេស។ អ្នកវាយប្រហារដែលត្រូវបានសម្លាប់នៅមិនទាន់ដឹងពីចំនួនពិតប្រាកដឡើយ ខណៈមួយចំនួនត្រូវបានចាប់ខ្លួន។ នៅក្នុងសប្តាហ៍នៃការប៉ះទង្គិចគ្នា មនុស្សរាប់សិបនាក់មកពីភាគីទាំងសងខាងបានស្លាប់ ខណៈក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសជាង ១០លើក ហើយជនស៊ីវិលរាប់ពាន់នាក់ដែលរស់នៅក្បែរនោះបានផ្លាស់ទីលំនៅ។ បរិវេណពន្ធនាគារដែលគេស្គាល់ថា ជាពន្ធនាគារ al-Sinaa ឬ Gweiran មានអ្នកទោសជាង ៣ពាន់នាក់រួមទាំងអនីតិជនប្រមាណ ៦០០នាក់។ ក្រុមសិទ្ធិមនុស្ស និងអង្គការផ្តល់ជំនួយបាននិយាយថា កុមារត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ។
ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលសង្ស័យប្រមាណ ១ម៉ឺននាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំ២០១៩ ហើយកុប្បកម្មនៅក្នុងពន្ធនាគារគឺជារឿងធម្មតា។ ការគ្រប់គ្រងទឹកដីរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីត្រូវបានបង្ក្រាបដោយយុទ្ធនាការគាំទ្រដោយសហរដ្ឋអាមេរិករយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកប្រយុទ្ធមួយចំនួននៅតែមាននៅក្នុងតំបន់ដែលបានសម្លាប់ប្រជាជនអ៊ីរ៉ាក់ និងស៊ីរីកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ៕
អត្ថបទ៖ ប៊ុនថន