បាល់ទាត់៖ ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានចេញច្បាប់ថ្មីដោយទាល់តែមានកីឡាករវិជ្ជមានកូវីដ-១៩ យ៉ាងតិច ៤នាក់ទើបក្លិបអាចស្នើសុំលើកការប្រកួតបាន។ ការប្រកួតសរុប ២២ប្រកួតរដូវកាលនេះត្រូវបានលើកនៅខែធ្នូ និងខែមករានេះដោយសារតែបញ្ហាកូវីដ-១៩ នេះ។
ច្បាប់ថ្មីនេះនឹងចាប់ផ្តើមអនុវត្តពីប្រកួតបន្ទាប់នៅថ្ងៃទី៥ ខែកុម្ភៈតទៅ។ កន្លងមកក្លិបនីមួយៗអាចស្នើសុំលើកការប្រកួតបានប្រសិនបើមិនមានកីឡាករយ៉ាងតិច ១៣នាក់បូកទាំងអ្នកចាំទី។ យ៉ាងណាក្តីមានការរិះគន់ថា ក្លិបមួយចំនួនមានអ្នកវិជ្ជមានកូវីដ-១៩ តែម្នាក់រឺពីរនាក់ក៏អាចសុំលើកការប្រកួតបានដែរដោយក្លិបទាំងនោះមានកីឡាកររបួស និងកីឡាករមួយចំនួនជាប់ភារកិច្ចនៅ Africa Cup of Nations។ ជាក់ស្តែងដូចជាជំនួបរវាង Spurs និង Arsenal ត្រូវបាន Arsenal ស្នើសុំលើកពេលប្រកួតហើយក៏ទទួលបានការរិះគន់ខ្លាំងពី Spurs តាមរយៈអ្នកចាត់ការ Antonio Conte ដោយថា Arsenal មិនមានអ្នកវិជ្ជមានកូវីដ-១៩ ធំដុំឡើយ ហើយក៏ភ្ញាក់ផ្អើលដែរដែល EPL អនុញ្ញាតឱ្យលើកការប្រកួត៕
អត្ថបទ៖នាង សុភាវុធ