រដូវក្តៅឆ្នាំ២០២៥នេះ បានក្លាយជារដូវដែលមានអាកាសធាតុកំណាចបំផុតរបស់អេស្ប៉ាញ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៦១មក ខណៈប្រទេសនេះបានជួបប្រទះរលកក្ដៅដ៏ខ្លាំងក្លាអស់ជាងមួយខែដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ហើយអេស្ប៉ាញក៏បានជួបប្រទះរដូវកាលដ៏អាក្រក់បំផុតនៃចំហេះព្រៃក្នុងរយៈពេល ៣ទសវត្សរ៍។

ទីភ្នាក់ងារអាកាសធាតុរដ្ឋ AEMET បាននិយាយថា រដូវក្តៅឆ្នាំ២០២៥ មានអាកាសធាតុជាមធ្យម ២,១អង្សាសេ ក្តៅជាងកម្រិតមធ្យមភាគឆ្នាំ១៩៩១-២០២០ ហើយមានកំណើន ០,១អង្សាសេ លើសពីរដូវក្តៅដែលក្តៅបំផុតក្នុងកំណត់ត្រាឆ្នាំ២០២២។
អ្នកនាំពាក្យ AEMET លោក Ruben del Campo បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរ៉យទ័រថា រដូវក្តៅខ្លាំងបំផុត ៩លើក ក្នុងចំណោមរដូវក្តៅទាំង១០ នៅអេស្ប៉ាញ បានកើតឡើងក្នុងសតវត្សទី២១នេះ ដោយព្រមានថា អាកាសធាតុកាន់តែមហន្តរាយនឹងមកដល់ឆាប់ៗ។
ជាមួយគ្នានេះ ប្រទេសនានាជុំវិញពិភពលោក កំពុងជួបប្រទះនឹងកម្ដៅដ៏គ្រោះថ្នាក់បំផុតក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈការឡើងកម្ដៅផែនដីនៅតែបន្តឥតឈប់ឈរ។ រដូវក្តៅឆ្នាំ២០២៤ ត្រូវបានកត់ត្រាថាជាពេលវេលាក្តៅខ្លាំងបំផុតរបស់អឌ្ឍគោលខាងជើងទាំងមូល ខណៈរដូវក្តៅឆ្នាំ២០២៥ ក៏ក្លាយជារដូវក្តៅខ្លាំងបំផុតសម្រាប់ចក្រភពអង់គ្លេសផងដែរ ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមនៅឆ្នាំ១៨៨៤មក៕

