ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួង ស្រេង នៅព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំឯកឧត្ដម និងលោកជំទាវជាអភិបាលរងរាជធានី ឯកឧត្ដម លោកជំទាវសមាជិកក្រុប្រឹក្សារាជធានី លោក និងលោកស្រីជាគណៈអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រី និងមន្ទីរស្ថាប័នអង្គភាព មន្ត្រីរាជការជុំវិញរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ខណ្ឌសែនសុខ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយឯកឧត្ដម និងលោកជំទាវអភិបាលរងរាជធានី ព្រមទាំងឯកឧត្ដម និងលោកជំទាវសមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានី បានអញ្ជើញរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធចំពោះមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំរលាយទៅពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនាក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០ នាព្រឹកថ្ងៃទី១៧ កញ្ញា២០២៥នេះ ឯកឧត្តមឃួង ស្រេង និង លោកជំទាវ ក៏បានវេប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តសុវណ្ណមុនីសាគរសំរោងអណ្តែតទៀតផង៕ ប្រាក់ វ៉ាន់ដា






