កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និយាយថា ប្រទេសកាណាដាកំពុងពង្រីកបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលទាហានអ៊ុយក្រែនរយៈពេល ៣ឆ្នាំ និងមានផែនការបង្កើនប្រតិបត្តិការ។ លោក Trudeau និយាយថា លោកបានអនុញ្ញាតឲ្យយោធាដាក់ពង្រាយបុគ្គលិកចំនួន ៦០នាក់បន្ថែមទៀតដើម្បីចូលរួមជាមួយកងទ័ព ២០០នាក់ដែលមានស្រាប់នៅលើទឹកដីនេះ ជាមួយនឹងសមត្ថភាពបន្ថែមដើម្បីបង្កើនចំនួននេះរហូតដល់ ៤០០នាក់។ វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការចំណាយទឹកប្រាក់ ២៦៨លានដុល្លារអាមេរិក។
លោក Trudeau និយាយថា ប្រទេសរុស្សីកំពុងប្រើប្រាស់យោធារបស់ខ្លួន ដែលអាចជាការគំរាមដល់លទ្ធិប្រជាធិបតេយ្យឯករាជ្យ ក្នុងកិច្ចប្រឹងប្រែងដើម្បីព្យាយាមឲ្យអ៊ុយក្រែនបង្អោនខ្លួនទៅតាមឆន្ទៈរបស់ខ្លួន។ លោក Trudeau និយាយថា កិច្ចប្រឹងប្រែងនេះក៏រួមមានទាំងការផ្តល់ឧបករណ៍មិនបង្កគ្រោះថ្នាក់ ការចែករំលែកព័ត៌មានសម្ងាត់ និងការគាំទ្រដើម្បីប្រយុទ្ធប្រឆាំងការវាយប្រហារតាមអ៊ីនធឺណិត។ បេសកកម្មរបស់ប្រទេសកាណាដាមានបំណងគាំទ្រកងកម្លាំងអ៊ុយក្រែន ដូច្នេះប្រទេសនេះអាចការពារអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន។ លោក Trudeau និយាយថា រដ្ឋមន្ត្រីការពារជាតិលោក Anita Anand នឹងធ្វើដំណើរទៅកាន់ប្រទេសឡាតវី និងអ៊ុយក្រែន ដើម្បីពិនិត្យមើលកងទ័ពកាណាដានៅពេលខាងមុខនេះ។ លោក Anand និយាយថា កាណាដាបានបណ្តុះបណ្តាលទាហានជាង ៣ម៉ឺននាក់នៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន