ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ (១៦ កញ្ញា) ថា ទាហាន ១០០.០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នារវាងភាគីរុស្ស៊ី-បេឡារុស ដែល គេស្គាល់ថា Zapad-2025 ហើយបានធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែកញ្ញា។

ថ្លែងនៅពេលទៅពិនិត្យកន្លែងហ្វឹកហាត់ Mulino ក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ី លោក Putin បានលើកឡើងថា "ព្រឹត្តិការណ៍នេះធ្វើឡើងនៅទីលានហ្វឹកហ្វឺនចំនួន ៤១កន្លែង ដែលមានទាហាន ១០ម៉ឺននាក់ និងប្រព័ន្ធសព្វាវុធ រួមទាំងយុទ្ធោបករណ៍ប្រហែល ១០.០០០គ្រឿង"។

មេដឹកនាំរុស្ស៊ីរូបនេះបន្តថា៖ ក្នុងចំណោមយុទ្ធោបករណ៍ទាំងនោះ មានយន្តហោះចម្បាំង ៣៣គ្រឿង និងនាវាប្រហែល ២៤៧គ្រឿង។ លោកបន្ថែមថា សមយុទ្ធនេះមានគោលបំណងអនុវត្តនូវរាល់ធាតុផ្សំចាំបាច់សម្រាប់ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងដើម្បីការពាររដ្ឋសហភាព (ដែលរួមមានរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺបេឡារុស) ប្រឆាំងនឹងការឈ្លានពានណាមួយ។
ហ្គេមសង្រ្គាមដ៏ធំមួយនេះ ត្រូវបានក្រុមអ្នកវិភាគយោធាលោកខាងលិច និយាយថា រៀបចំឡើងដើម្បីបំភិតបំភ័យអឺរ៉ុប ហើយបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងប៉ូឡូញ និងអង្គការណាតូ បាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី ដែលជ្រៀតចូលដែនអាកាសរបស់ប៉ូឡូញ៕
