ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារ (១៦ កញ្ញា) បានពន្យារពេលជាថ្មីម្ដងទៀតលើការអនុវត្តបម្រាមប្រឆាំងនឹងបណ្ដាញសង្គម TikTok រហូតដល់ថ្ងៃទី១៦ ខែធ្នូ ដែលជាការពន្យារពេលលើកទី៤ហើយ នៃច្បាប់ដែលបង្កើតឡើងដើម្បីបង្ខំកម្មវិធីដ៏ល្បីល្បាញមួយនេះ ត្រូវតែលក់ទ្រព្យសម្បត្តិពីម្ចាស់ចិនរបស់ខ្លួន ប្រគល់ទៅឱ្យម្ចាស់ថ្មីដែលជាជនជាតិអាមេរិក។

ការប្រកាសដែលធ្វើឡើងតាមរយៈក្រឹត្យថ្មីមួយនេះ បានកើតឡើងបន្ទាប់ពីលោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីដដែលនោះថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានឈានដល់កិច្ចព្រមព្រៀងមួយហើយលើរចនាសម្ព័ន្ធកម្មសិទ្ធិថ្មីសម្រាប់អាជីវកម្ម TikTok ក្នុងសហរដ្ឋអាមេរិក ហើយអ្នកទិញអេបនេះក៏រកបានរួចហើយដែរ។
ការបន្ថែមពេលបែបនេះបានកើតឡើងជាបន្តបន្ទាប់ ក្រោយពីច្បាប់ហាមប្រាម TikTok បានកំណត់ឱ្យអនុវត្តលើកដំបូងក្នុងខែមករា ដោយនៅពេលនោះ រដ្ឋបាលថ្មីរបស់លោក Trump - ដែលសន្យាថានឹងសង្រ្គោះ TikTok- បានព្យាយាមបញ្ចៀសផលប៉ះពាល់ផ្នែកច្បាប់ និងសន្តិសុខជាតិដ៏ស្មុគស្មាញ ជុំវិញប្រតិបត្តិការរបស់បណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់នៅអាមេរិកជាង ១៧០លាននាក់មួយនេះ។
លោក Trump ដែលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់លោកពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា លោកចូលចិត្ត TikTok ណាស់ ហើយក៏បានផ្អាកបម្រាមជាបន្តបន្ទាប់។ ប្រទេសចិន ក៏បានបញ្ជាក់នូវអ្វីដែលភាគីទាំងពីរហៅថាកិច្ចព្រមព្រៀង "ក្របខណ្ឌ" ដែលបានឈានដល់នៅអេស្ប៉ាញ ហើយនឹងត្រូវសម្រេចជាផ្លូវការនៅក្នុងជំនួបតាមទូរសព្ទរវាងមេដឹកនាំទាំងពីរនៅថ្ងៃសុក្រខាងមុខនេះ៕

